ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៤ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ម៉ែន ប្រុសពៅ ភេទប្រុសអាយុ២៦ឆ្នាំ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាង២គីឡូក្រាម តាមមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត ។ ចំណែកឯជនសង្ស័យឈ្មោះ ញឹក ពៅ ភេទស្រីអាយុ៣៦ឆ្នាំ ត្រូវបានតំណាងអយ្យការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីរកឃើញថាពុំមានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសខាងលើ។

អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អាំ សុជាតិ នាយករងមន្ទីរ សហការជាមួយស្នងការរាជធានីភ្នំពេញ មានការដឹកនាំសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច បុរីជ័រឧត្តម បន្ទប់ជួល ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ ០២នាក់ ទី១ឈ្មោះ ម៉ែន ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ទី២ ឈ្មោះ ញឹក ពៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។ រួមជាមួយវត្ថុតាងគ្រឿងញៀនចាប់យក ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២ ០៣៥.៩៥ ក្រាម, ប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៤.១៥ក្រាមប្រភេទកេតាមីន (KETAMINE) ទម្ងន់១១.២០ក្រាម, គ្រឿងញៀនសរុបទម្ងន់ ២គីឡូ និង៥១.៣០ក្រាម)៕

Share.