សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ សុខសន្តិភាពនៅកម្ពុជា មានជាង ២៥ឆ្នាំហើយ ហើយសុខសន្តិភាពនេះ ផ្តល់ឱកាសឱ្យកម្ពុជា ប្រមូលធនធាន និងការប្រឹងប្រែងសព្វបែបយ៉ាង ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិ។ ដូច្នេះត្រូវរួមគ្នាអរគុណសន្តិភាព ហើយមិនត្រូវឱ្យនរណាបំផ្លាញ សុខសន្តិភាពនោះឡើយ។ ដរាបណាមានសុខសន្តិភាព គឺមិនបារម្ភមានអំពើប្រល័យ ពូជសាសន៍នោះឡើយ។

ការថ្លែងរបស់សម្តេចប្រធានព្រឹទ្ធសភានេះ ធ្វើឡើងនាឱកាសសម្តេចអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៤នេះនៅទីតាំងអតីតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នគេមិនប្រើរដ្ឋប្រហារនោះទេ តែគេប្រើបដិវត្តពណ៌តែម្តង ដូច្នេះបើឃើញបដិវត្តពណ៌ត្រូវតែកម្ចាត់វា។ សម្តេចបានប្រាប់កងកម្លាំងថា បក្សនយោបាយដែលចង់ធ្វើបដិវត្តពណ៌ គឺត្រូវតែកម្ចាត់ ដើម្បីការពារប្រជាពលរដ្ឋមួយប្រទេស។សម្តេចបានថ្លែងថា កុំដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ។

សម្តេចតេជោបានស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុសដែលបានគាំទ្រមេដឹកនាំរបបប្រល័យ ពូជសាសន៍។

ពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាក្តី ខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំ ខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌ មួយជូនពលរដ្ឋ កម្ពុជា ហើយសម្តេច និងពលរដ្ឋខ្មែរ បានរង់ចាំរហូតដល់ ទៅ៤៣ឆ្នាំ។ សាលក្រមរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ល្បែងផលបូកស្មើសូន្យ ហើយទទួលស្គាល់ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ ផលបូកស្មើសូន្យ ព្រោះអង្គការ សហប្រជាជាតិ ថ្កោលទោសភាពឃោរឃៅរបស់ខ្មែរក្រហម តែក៏ថ្កោលទោសអ្នកផ្តួល រំលំខ្មែរក្រហម។

សម្តេចតេជោបានថ្លែងដែរថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែង កាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និង ដោះស្រាយបញ្ហាផ្សេងៗទៀត។ សម្តេចតេជោ បានថ្លែងថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង គឺសន្តិភាព និងចុងម្ខាងទៀត គឺការអភិវឌ្ឍន៍ ដើម្បីធានាដល់ការអភិវឌ្ឍ​ និងការរក្សាសុខសន្តិភាព៕

Share.