ភ្នំពេញ៖ រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ នេះបើតាមលោក បណ្ឌិតទូច សុឃៈ (សុខៈ)​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនាព្រឹកថ្ងៃទៅ០២ ខែកក្កដា ឆ្នាំ ២០២៤នេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់ទៀតថា ក្នុងចំណោម ករណីក្មេងទំននើង​ទាំង ៣១ករណីនេះ កម្លាំងសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបបាននៅក្នុងរាជធានី/ខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់ រាជធានីភ្នំពេញ១២ករណី ឃាត់ខ្លួន២៣នាក់, សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់, កំពង់ធំ១ ឃាត់ខ្លួន១៣នាក់ ,កំពង់ស្ពឺ៣ករណី ឃាត់ខ្លួន៩នាក់, តាកែវ១ករណី ឃាត់ខ្លួន៧នាក់, បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន៦នាក់, កណ្តាល១ករណី ឃាត់ខ្លួន៦នាក់, ស្វាយរៀង១ករណី ឃាត់ខ្លួន៤នាក់, ព្រះសីហនុ១ករណី ឃាត់ខ្លួន២នាក់ និង, ព្រៃវែង១ករណី ឃាត់ខ្លួន២នាក់។

ការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឱឡារិក ដាក់ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានេះ ជាកិច្ចការអាទិភាពមួយ ក្នុងចំណោមអាទិភាព ៦ចំណុច ដែលត្រូវធានាអនុវត្តឱ្យបានជោគជ័យនិងប្រកបដោយប្រសិទ្ធភាព ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទ៖ សង្គម

Share.