សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលជិត ៥ឆ្នាំនៅសប្តាហ៍ក្រោយនេះ ក្នុងទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។

បើតាមអនុប្រធានសន្តិសុខជាតិរបស់ទីក្រុងសេអ៊ូល លោក Kim Tae-hyo បានប្រាប់អ្នកយកព័ត៌មាន ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅរដ្ឋធានីកូរ៉េខាងត្បូងនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ។

លោក Kim បានបន្ថែមថា លោក Yoon នឹងធ្វើកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយលោក Li និងលោក Kishida នៅថ្ងៃអាទិត្យ នេះ។ លោក បន្ដថា មេដឹកនាំទាំង៣ ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និង «លើកទឹកចិត្តអ្នកជំនួញមកពីប្រទេសទាំងបី» ផងដែរ។

គួររំលឹកថា លើកចុងក្រោយដែលមេដឹកនាំនៃប្រទេសទាំង៣ បានជួបគ្នា គឺនៅឆ្នាំ២០១៩ មួយផ្នែកដោយសារជំងឺរាតត្បាត កូវីដ១៩ ប៉ុន្តែក៏ដោយសារតែជម្លោះការទូត និងប្រវត្តិសាស្ត្ររវាងកូរ៉េខាងត្បូង និងអតីតមេដឹកនាំអាណានិគមជប៉ុន។

ជម្លោះផ្លូវច្បាប់លើការគ្រប់គ្រងឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ របស់ប្រទេសជប៉ុន លើឧបទ្វីបកូរ៉េនៅតែបន្តកើតមានរវាងប្រទេសទាំង២។ ប៉ុន្តែជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយក្រុងព្យុងយ៉ាង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ លោក Yoon ប្រធានាធិបតីកូរ៉េខាងត្បូង បានលុបកប់ស្នាមប្រវតិ្តសាស្រ្តជាមួយប្រទេសជប៉ុន ខណៈការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតោន។

កាលពីខែសីហា ឆ្នាំ២០២៣ ទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានប្រកាស «ទំព័រថ្មី» នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខចំនួន៣ យ៉ាងជិតស្និទ្ធ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅឯ Camp David ក្នុងសហរដ្ឋអាមេរិក។

នៅពេលនោះ ទីក្រុងប៉េកាំង បានដាក់ពាក្យបណ្តឹងជុំវិញសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅក្នុងកិច្ចប្រជុំកំពូល ដែលក្នុងនោះសម្ព័ន្ធមិត្តទាំង៣ បានរិះគន់ «អាកប្បកិរិយាឈ្លានពាន» របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។

លោក Yoon កាលពីឆ្នាំមុនបាននិយាយថា ភាពតានតឹងលើកោះតៃវ៉ាន់ គឺដោយសារតែ «ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពដោយបង្ខំ»។

ការប្រកាសនៃកិច្ចប្រជុំកំពូលត្រីភាគីថ្មីនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថាបានកោះហៅអ្នកការទូតកូរ៉េខាងត្បូងនិងជប៉ុនឱ្យពិភាក្សាអំពី «បញ្ហាអំពីតៃវ៉ាន់»។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ប៉ុន្តែវានៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង និងជាសម្ព័ន្ធមិត្តការទូត។

ទន្ទឹមនឹងទីក្រុងមូស្គូ ទីក្រុងប៉េកាំង បានរារាំងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរដ្ឋាភិបាលរបស់មេដឹកនាំគីម ជុងអ៊ុន ដើម្បីឆ្លើយតបទៅនឹងការបង្កើនការសាកល្បងអាវុធរបស់ខ្លួន។

កាលពីខែមុន មេដឹកនាំកូរ៉េខាងជើង លោក គីម និងសមាជិកសភាកំពូលរបស់ប្រទេសចិន បានសាទរចំពោះ «ទំពីរថ្មី» នៃទំនាក់ទំនងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ខណៈដែលប្រទេសទាំង២ បានប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត។

សូមជម្រាបថា កិច្ចប្រជុំកំពូលនាពេលខាងមុខ នឹងកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូង របស់លោក Li ទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចិន ក្នុងខែមីនា ឆ្នាំ២០២៣៕

ប្រភព៖ CNA

Share.