ឧត្តរមានជ័យ ៖ ថៅកែលក់គ្រឿងសំណង់ម្នាក់ត្រូវបានជនសង្ស័យចូលធ្វើសកម្មភាពចាក់សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ហើយរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅភូមិគោករំដួល ហៅដីថ្មី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

ជនរគ្រោះមានឈ្មោះ សួស ទិត្យថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់គ្រឿងសំណង់ នៅផ្ទះកើតហេតុ ភូមិ គោករំដួល សង្កាត់សំរោង ក្រុងសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

សម្ភារៈបាត់បង់ រថយន្ត ម៉ាកTOYOTA CROSS ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ 2C-1112 តែជនសង្ស័យបើកយកទៅប្លុងចោលនៅជិតបឹងស្នោ ,
ជញ្ជៀន១វង់ ១ដំឡឹង៥ជី ,ខ្សែក១ខ្សែ ៥ដំឡឹង៥ជី ,ទូរស័ព្ទ iPhone 12 Pro Max ១គ្រឿង ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះនៅដេកសម្រាក ផ្ទះកន្លែងលក់ដូរ ចំណែកប្រពន្ធកូន ដេកសម្រាកនៅផ្ទះមួយទៀតក្នុងភូមិនោះដែរ ស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ប្រពន្ធជនរងគ្រោះទៅដល់ផ្ទះ កន្លែងលក់គ្រឿងសំណង់ ស្រាប់តែប្រទះឃើញប្តី ដេកស្លាប់ក្នុងថ្លុកឈាម មានដានរើកកាយពេញផ្ទះ បាត់បង់សម្ភារៈ រថយន្ត ទើបស្រែកឆោឡោ កម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងជំនាញ ចុះទៅពិនិត្យស្រាវជ្រាវ ជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិ ជនសង្ស័យគេចខ្លួនបាត់ តែប្រទះឃើញរថយន្ត ជនសង្ស័យបើកយកទៅប្លុងចោល នៅក្បែរបឹងស្នោ ។

ករណីឃាតកម្ម ចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិខាងលើ កម្លាំងសមត្ថកិច្ចជំនាញ អធិការដ្ឋានក្រុង ស្នងការខេត្ត កំពុងបន្តស្រាវជ្រាវ ។ សពជនរងគ្រោះ ក្រោយជំនាញពិនិត្យកោសល្យវិច័យរួច ដឹកតាមរថយន្តសឹករងខេត្ត ដើម្បីយកទៅធ្វើបុណ្យនៅផ្ទះមួយកន្លែងទៀតតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.