សៀមរាប ៖ ជនសង្ស័យចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបាន ពាក់ព័ន្ធករណីប្លន់សម្លាប់ថៅកែលក់គ្រឿងសំណង់ យកទ្រព្យសម្បត្តិ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខបរមិនពិតប្រាកដ រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យទី២ ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតខ្សែករ០១ខ្សែ ,ទូរសព្ទ២គ្រឿង, ចិញ្ជៀន២វង់ ,ម៉ូតូម៉ាក ហុងដាឃ្លីក១គ្រឿង ។

ជនរគ្រោះមានឈ្មោះ សួស សត្ថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់គ្រឿងសំណង់ នៅផ្ទះកើតហេតុ ភូមិ គោករំដួល សង្កាត់សំរោង ក្រុងសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

គួររំលឹកផងដែរ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កើតមានការភ្ញាក់ផ្អើល ករណីឃាតកម្ម ប្លន់សម្លាប់ថៅកែលក់គ្រឿងសំណង់ នៅផ្ទះកើតហេតុខាងលើ ដោយមានសម្ភារៈបាត់បង់ដូចជា រថយន្ត ម៉ាកTOYOTA CROSS ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ 2C-1112 តែជនសង្ស័យបើកយកទៅប្លុងចោលនៅជិតបឹងស្នោ ,
ជញ្ជៀន១វង់ ១ដំឡឹង៥ជី ,ខ្សែក១ខ្សែ ៥ដំឡឹង៥ជី ,ទូរស័ព្ទ iPhone 12 ១គ្រឿង ។

ក្រោយកើតមានករណីបែបនេះ កម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ខណៈដែលជនដៃដល់រត់គេចខ្លួន រហូតដល់វេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប កំណត់បានមុខសញ្ញា រហូតចុះបង្ក្រាប ដោយមានការសម្របសម្រួលពី ឯកឧត្តម មាសចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ចាប់ខ្លួនបានជនសង្ស័យ២នាក់ ប្រុស១នាក់ ស្រី១នាក់ រកឃើញគ្រឿងអលង្ការរបស់ជនរងគ្រោះ ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ នាំទៅសាកសួរនៅការិយាល័យជំនាញ អាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.