ក្រចេះ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ នៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មានករណីឃាតកម្មគិតទុកជាមុន (ក្មេងទំនើងកាប់ប្រហារគ្នា) កើតឡើងបង្កដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពពួនស្ទាក់យកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ ខុន ទិត្យថារ៉ាក់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវចំក្បាលខាងស្ដាំ បណ្ដាលឲ្យមានស្នាមដាច់ចេញឈាម (រងរបួសធ្ងន់) និងបានស្លាប់បាត់បង់ជីវិត ក្រោយពេលសាច់ញាតិជនរងគ្រោះ បញ្ជូនយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ បានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធីរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

រហូតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦៖០០នាទី បន្តដឹកនាំសហការ រហូតដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ឈ្មោះ ខុម មេសា ភេទប្រុស អាយុ១៥ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុច ភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នឹងបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី ដោយកម្លាំងជំនាញបានបន្តដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាន់ ទូច ភេទប្រុស អាយុ១៧ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុច សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែក្រុមរបស់ជនរងគ្រោះបានធ្វើសកម្មភាពគប់ដុំថ្មមកលើពួកខ្លួន។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ នឹងកំពុងស្វែងរកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន៕

អត្ថបទ៖ ចតុមុខ

Share.