ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទីព្រឹក បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនល្មើស០៤នាក់ (ថៃ ០៣នាក់ ខ្មែរ ០១នាក់)។


ជនសង្ស័យទាំ៤នាក់ទី ១.ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ទី២.ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ។ ទី៣.ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ។ ទី៤.ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ។ ព្រមទាំងដកហូត វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២២២៩០០ ក្រាម ,គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៣១៨០៨ក្រាម សរុបទាំអស់មានទម្ងន់ ២៥៤៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម)។ រថយន្តចំនួន ០៤គ្រឿង, ទូរស័ព្ទដៃចំនួន ១២គ្រឿង, វិទ្យុទាក់ទងចំនួន ៣គ្រឿង គ្រាប់បែកដៃចំនួន ២គ្រាប់, លុយបាត និងលុយដុល្លា មួយចំនួន។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ចតុមុខ

Share.