បញ្ហាក្មេងទំនើងនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាលនៅពេលសម្តេចអញ្ជើញចូលរួមក្នុងវេទិកានានា។ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើ យុវវ័យទាំងអស់សូមកុំប្រកួតប្រជែងរឿងកាប់ ហើយកុំក្លាហានជាមួយ អំពើខុសច្បាប់ ពោលត្រូវក្លាហានចូលរួមសកម្មភាពនៅក្នុងសង្គម ដើម្បីជាចំណែកក្នុងការអភិវឌ្ឍជាតិ ឲ្យកាន់តែប្រសើរ។

ការថ្លែងរបស់សម្តេចយ៉ាងដូច្នេះបានធ្វឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ភាពសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្មួយត្រូវប្រកួតប្រជែង គ្នារឿង​​ ការងារសង្គម កុំប្រកួតប្រជែងគ្នារឿងកាប់ដាវ”

ក្នុងពិធីនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ខិតខំ ប្រឹងប្រែងបណ្ដុះឆន្ទៈ និងការអប់រំដល់យុវជន យុវតី ដែលជាវ័យមួយកំពុងចង់ឃើញ ចង់សាកនូវអ្វីដែលប្លែកៗ ដូច្នេះមិនអាចបណ្ដែតបណ្ដោយបានឡើយ ដោយត្រូវតែតម្រង់ ទិសដើម្បីរក្សានូវធនធានមនុស្ស និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ប្រជាពលរដ្ឋ គ្រប់រូប៕

Share.