នៅរសៀល​ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ​២០២៤ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​បុរី ឡេង ណាវ៉ាត្រា បាន​បង្ហាញ​ពី​វឌ្ឍនភាព​ជា​វិជ្ជមាន​ទាំង​ ៤​ជម្រើសជូន​ដល់​អតិថិជន​របស់​បុរី ឡេង ណាវ៉ាត្រ។

យោងតាម​ការ​បញ្ជាក់​លើ​បណ្ដាញ​ទំនាក់ទំនងសង្គមហ្វេសប៊ុក​របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​ទៅ​ ដោយ​បាន​ជម្រាបនិង​ជូន​ដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​ស្ដីពី​វឌ្ឍនភាព​ទាំង​៤​ជម្រើស​ ដែល​ក្រុម​ហ៊ុន​បាន​ដាក់ចេញ​ដូច​តទៅ៖

១. ក្រុមហ៊ុនបានដោះដូរផ្ទះជូនអតិថិជន ប្ដូរពីផ្ទះយកជាដី មកដល់ពេលបច្ចុប្បន្ន​​សរុបបានចំនួន ១៦៣ផ្ទះ។
២. ចំពោះអតិថិជនបានមកដាក់ពាក្យជាមួយក្រសួង ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង រយៈ៤ថ្ងៃ បានចំនួន ៥៩៧ផ្ទះ។
៣. ក្រុមហ៊ុនមានគោលដៅនិងបញ្ចប់ផ្ទះសាងសង់ជិតរួចរាល់ ជូនអតិថិជនបន្តបន្ទាប់ទៀត ក្នុងចន្លោះពី
១ខែ ទៅ ៣ខែខាងមុខនេះ អាចប្រគល់ជូនអតិថិជនចន្លោះពី ១០០០ផ្ទះ ទៅ ២០០០ផ្ទះបន្ថែមទៀត ។
៤. ក្រុមហ៊ុនបានប្រគល់ផ្ទះបន្ថែម ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ចំនួន ៣០ផ្ទះ។

សូមរំលឹក​ឡើងវិញ​ថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​​ចេញ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​ដល់​ លោក លោកស្រី ដែល​ជា​អតិថិជន​របស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិ​លេខ​៦​អា ដែលបាន​បង់ប្រាក់​ថ្លៃ​លក់ទិញដីឡូតិ៍និង/ផ្ទះ​គ្រប់ចំនួន (១០០%) អាច​អញ្ជើញ​ទៅ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​អំពីការ​ផ្ទេរកម្មសិទ្ធិ​នៅ​ទីស្តីការក្រសួង​រៀបចំដែនដី​ ចាប់ពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ។ ចំពោះ​ករណី​អតិថិជន​ដទៃទៀត​របស់​ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ក្រសួង​ក៏​កំពុង​តែ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ភាគីពាក់ព័ន្ធ​បន្ត​ទៀត​ផងដែរ។

សូមបញ្ជាក់ផងដែរថា ទោះបីជាទទួលរង វិបត្តិសេដ្ឋកិច្ចសាកលយ៉ាងណាក្តី បុរី ឡេងណាវ៉ាត្រានៅតែបន្តសាងសង់ផ្ទះជនជាបន្តបន្ទាប់ដោយទំនួលខុសត្រូវ រហូតដល់បញ្ចប់គម្រោង៕

Share.