ព្រះសីហនុ៖ មនុស្សចំនួនពីរនាក់បានស្លាប់.ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ បន្ទាំប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ០៥និង ២០នាទីទៀបភ្លឺថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៤ ត្រង់ចំណុចស្ពានត្រជាក់ចិត្តស្ថិតក្នុងភូមិសាស្ត្រភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

តាមប្រភពបឋមពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាក់ទ្រឹមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1J 1267 ជិះគ្នាបីនាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន រហូតមកដល់កន្លែងកើតហេតុដោយស្ថានភាពភ្លៀងរលឹម ហើយផ្លូវកោងទើបបណ្ដាលឱ្យម៉ូតូរបស់ជនរងគ្រោះ បត់មិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យយុវជនចំនួនបីនាក់ទៀត ដេកដួលរនូករណែល ស្លាប់ភ្លាមៗនៅនឹងកន្លែងចំនួនពីរនាក់និងម្នាក់ទៀតរងរបស់ធ្ងន់ ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកចំការចេកយកទៅសង្គ្រោះបន្ទាន់។
 

ចំពោះអត្តសញ្ញាណជនរងគ្រោះទាំងបីគេនៅពុំទាន់ដឹងនៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងរក្សាវត្ថុតាងនិងជនរងគ្រោះដើម្បីប្រគល់ជូនទៅ ក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ឈុន គឹមហៃ

Share.