ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនាថ្ងៃចន្ទ នេះថា ភ្នំភ្លើង Kanlaon នៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ ដោយបានបញ្ចេញផេះ និងឧស្ម័ន កម្ពស់ ៥,០០០ម៉ែត្រពីដី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាយប់ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

ការផ្ទុះដ៏ខ្លាំងក្លានេះបានកើត​ឡើង​នៅ​វេលា​ម៉ោង​ ៦​និង​៥១​នាទី​ល្ងាច រយៈពេល ៦នាទី ថ្ងៃចន្ទ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក)​ ស្ថិតនៅទីក្រុង La Castellana ខេត្ត Negros ប្រទេសហ្វីលីពីន។

មន្រ្តីរដ្ឋាភិបាល បានព្រមានពីការធ្លាក់ផេះដ៏គ្រោះថ្នាក់ចុះពីលើមេឃ និងក្លិនស្ពាន់ធ័រដែលកើតចេញពីការផ្ទុះភ្នំភ្លើងខាងលើ រួមទាំងបង្កើនកម្រិតប្រកាសអាសន្នពីកម្រិតទី១ ទៅកម្រិតទី២។ ជាមួយគ្នា ក៏មានការព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ រួមទាំងអាចមានលំហូរភក់កម្អែភ្នំភ្លើង និងគ្រោះថ្នាក់ជាយថាហេតុណាមួយផងដែរ ដោយអាចនាំឱ្យមានការផ្ទុះម្ដងទៀត។

មន្រ្តី ក៏​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​នៅឆ្ងាយពី​តំបន់​គ្រោះថ្នាក់​ចម្ងាយ ​៤​គីឡូម៉ែត្រ ដោយសារ​ហានិភ័យ​នៃ​ការ​ផ្ទុះ​ថ្ម ការ​បាក់​ដី និង​លំហូរភក់កម្អែភ្នំភ្លើង។ទន្ទឹមនោះ អាជ្ញាធរក្នុងតំបន់ ក៏បានណែនាំឱ្យមានការផ្អាកការហោះហើរ និងបញ្ចៀសផ្លូវយន្ដហោះនៅក្បែរតំបន់ភ្នំភ្លើងដែរ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ដោយផេះដែលព្រួសចេញផងដែរ។

សូម​បញ្ជាក់​ថា ​ហ្វីលីពីន គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​តំបន់ «​រង្វង់​​​ភ្លើង» ឬ​ហៅ​ថា «Ring of Fire» ដែល​​​​​​គ្រោះ​រញ្ជួយដី និង​បន្ទុះ​ភ្នំភ្លើង​ គឺ​ជា​រឿង​​ដែល​ការ​កើត​ឡើង​ជា​ញឹកញាប់នៅក្នុងប្រទេសមួយនេះ។ ជាក់ស្ដែង​ដូចជា ភ្នំភ្លើង Kanlaon ដែល​ជា​ភ្នំភ្លើង​សកម្ម​មួយ​​នៅ​ហ្វីលីពីន ធ្លាប់​បាន​ផ្ទុះព្រួសផេះកម្ពស់ជាង ២ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ​​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ៕

ប្រភព៖ Xinhua

Share.