ភ្នំពេញ ៖ ក្មេងប្រុសសិស្សសាលា២នាក់ បន្ទាប់ពីគ្រូជាប់រវល់ទៅប្រជុំ មិននាំគ្នាទៅផ្ទះ បែនាំគ្នាផ្លោះរបងទៅលោតទឹកប្រឡាយលេង បណ្តាលឱ្យលង់ស្លាប់ម្នាក់ ហែលរួចម្នាក់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅប្រឡាយទឹកខាងក្រោយវត្តស្វាយមាស ក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះ មានឈ្មោះ សារៈ ឧត្តម អាយុ៨ឆ្នាំ (មិនចេះហែលទឹក) ជាសិស្សរៀនថ្នាក់ទី៣ «ខ» សាលាបឋមសិក្សាប្រទះឡាង មានម្តាយឈ្មោះ ឃឹម សុគន្ធមាលា អាយុ៣៨ឆ្នាំ ជាស្ត្រីម៉េម៉ាយ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ មុខរបរលក់ដូរ រស់នៅផ្ទះលេខ១២ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។ ចំណែកក្មេងប្រុសម្នាក់ទៀត ហែលឡើងគោករួច ឈ្មោះ តែម សុផានុត អាយុ១០ឆ្នាំ ជាសិស្សរៀនថ្នាក់ជាមួយគ្នា (ចេះហែលទឹក) មានទីលំនៅភូមិកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា បន្ទាន់ពីគ្រូបង្រៀន ជាប់រវល់ទៅប្រជុំនៅសាលាខណ្ឌ ក្មេងសិស្សសាលាទាំង២នាក់ខាងលើមិនបានទៅផ្ទះទេ នាំគ្នាដើរទៅផ្លោះរបងវត្ត ចេញទៅក្រៅ លេងទឹកប្រឡាយ ហើយក្មេងឈ្មោះ តែម សុផានុត ចេះហែលទឹកក៏បានលោតទៅមុន ហែលក្នុងប្រឡាយលេង ស្រាប់តែក្មេងរងគ្រោះ ឃើញក៏លោតទៅតាមក្រោយ ដោយមិនចេះហែលទឹក បណ្តាលឱ្យលង់ ចាប់តោងក្មេងម្នាក់ទៀតដែរតែរបូតទៅវិញ លង់លិចបាត់ក្នុងទឹក ជម្រៅ៣ម៉ែត្រ ក្មេងម្នាក់ទៀតហែលឡើងគោក ស្រែកឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកទៅមើលស្រែ ឱ្យជួយ ទើបផ្អើលឆោឡោ ពលរដ្ឋចុះរាវរក ស្រង់បាន ស្លាប់បាត់ទៅហើយ រួចយកទៅដាក់នៅ ឈាបនដ្ឋានវត្តស្វាយមាសតែម្តង ក្រុមគ្រួសារ ម្តាយទៅដល់ស្រែកទ្រហោយំបោកខ្លួន ។

សពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាម ជំនាញចុះទៅធ្វើការពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.