គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច បានប្រកាសជា ឱឡារិក នូវការគោរព និងទទួល យកលទ្ធផល ផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិ ទី៤ ដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។

យោងតាមសេចក្តីថ្លែងការ​ណ៍នៅថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២៤នេះ គណបក្ស ប្រជាជន កម្ពុជា បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ នៅក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ល្អ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់ថ្នាក់បានអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយឯករាជ្យ និងអព្យាក្រឹត ស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពដោយសេរី ប្រកបដោយភាពចាស់ទុំនយោបាយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេសបានចេញទៅបោះឆ្នោតដោយភាពរីករាយ ជឿជាក់ និងអាស្រ័យលើឆន្ទៈរបស់ខ្លួន។ លើមូលដ្ឋាននេះបានបង្ហាញច្បាស់ថា ការបោះឆ្នោតនេះ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ទាំងស្រុង។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅនេះ បានឆ្លុះបញ្ចាំងច្បាស់អំពីការប្តេជ្ញាចិត្តឥតរាថយរបស់កម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅលើមាគ៌ាសន្តិភាព និងអភិវឌ្ឍន៍។

គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ លទ្ធផលនៃការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា តាមរយៈសមាជិក សមាជិកានៃក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងរបស់ខ្លួននៅគ្រប់មូលដ្ឋាន ក្នុងការបន្តជំរុញឱ្យបានកាន់តែខ្លាំងក្លាឡើងនូវ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។

គណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់បំផុត ធ្វើឱ្យគណបក្សកាន់តែមានឧត្តមភាពក្នុងការអនុវត្តនូវ កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ឱ្យសម្រេចជោគជ័យ ជា ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជន។

គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គណៈ បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយជោគជ័យ។ ព្រមជាមួយនោះ សូមថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានសហការចូលរួមក្នុងដំណើរការនេះប្រកបដោយការទទួលខុសត្រូវ និងសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានយល់ច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោតនេះ ហើយបានចូលរួមថែរក្សាបរិយាកាសនយោបាយល្អទាំងមុនពេលបោះឆ្នោត ពេលបោះឆ្នោត និងក្រោយ ពេលបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសប្តេជ្ញាជាឱឡារិកថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបម្រើយ៉ាងខ្ជាប់ខ្ជួននូវឆន្ទៈ និងផលប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រជាជន នៅគ្រប់មូលដ្ឋាន ដោយខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួម សកម្មក្នុងការសម្រេចគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ៕

Share.