បាកដាដ៖ តុលាការអ៉ីរ៉ាក់កាលពីថ្ងៃអាទិត្យ បានចេញសាលក្រមកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀន ៧នាក់ រួមមានទាំងជនបរទេសម្នាក់ដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃក្រុមប្រឹក្សាតុលាការកំពូល ដោយមិនបានបញ្ជាក់អំពីសញ្ជាតិរបស់ជនបរទេសរូបនេះ បាននិយាយថា «តុលាការឧក្រិដ្ឋកម្មកណ្តាល បានចេញសាលក្រមកាត់ទោសអ្នកជួញដូរគ្រឿងញៀនចំនួន៧នាក់ រួមទាំងជនបរទេសម្នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទជួញដូរសារធាតុញៀន»។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ទណ្ឌិតត្រូវបានកាត់ទោសប្រហារជីវិតពីបទនាំចូល និងនាំចេញសារធាតុញៀនពីប្រទេសជិតខាង។

ភាពចលាចល និងជម្លោះ នៅក្នុងប្រទេសអ៊ីរ៉ាក់ កើតឡើងចាប់តាំងពីការលុកលុយរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣ ដោយបានរារាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ពីការដោះស្រាយពីការគំរាមកំហែងនៃគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាព។

កាលពីខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ «ការធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន» ដោយនិយាយថា «ការជួញដូរគ្រឿងញៀន នៅតែជាមធ្យោបាយសំខាន់មួយនៃការផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម ហើយចរាចរគ្រឿងញៀនធ្វើឱ្យមានការរីកចម្រើននៅក្នុងស្រមោលនៃអំពើភេរវកម្មផងដែរ៕

ប្រភព៖ Xinhua

Share.