ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម បាននិយាយនៅថ្ងៃចន្ទ ទី១០ ខែមិថុនា ថា ទឹកជំនន់ និងការបាក់ដីនៅភាគខាងជើងប្រទេសវៀតណាម បានសម្លាប់មនុស្ស ៣នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន បានជន់លិចផ្ទះសម្បែងរាប់ពាន់ខ្នង។

បើតាមរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពីទឹកជំនន់ហូរបង្កការជន់លិចតាមផ្លូវនៃខេត្ត Ha Giang ដែលជាកន្លែងពេញនិយមសម្រាប់ដំណើរកម្សាន្ត ដោយបានកាត់ផ្ដាច់ខ្សែដឹកជញ្ជូន និងបណ្ដាលឱ្យរថយន្ដជាច្រើនគ្រឿងត្រូវជាប់គាំង។ ខណៈប្រជាជននៅទីក្រុងនៃខេត្ត Ha Giang បាននាំគ្នាឈរនៅលើដំបូលផ្ទះ ដើម្បីរង់ចាំការជួយសង្គ្រោះ។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ​មនុស្ស ៣នាក់ដែលបានបាត់បង់ជីវិត គឺដោយសារតែបាក់ដីសង្កត់ និងទឹកហូរនាំយកទៅនៅក្នុងខេត្ត Ha Giang។

កាលពីចុងសប្តាហ៍ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ក៏ត្រូវបានរាយការណ៍ថា នៅក្នុងទីក្រុងកំពង់ផែភាគខាងជើងនៃខេត្ត Hai Phong និងខេត្ត Quang Ninh ដែលជាកន្លែងបេតិកភណ្ឌពិភពលោករបស់ UNESCO នៃឈូងសមុទ្រ Ha Long ក៏ត្រូវបានវាយប្រហារផងដែរ។

សូមជម្រាបថា ប្រទេសវៀតណាម តែងតែទទួលរងនូវអាកាសធាតុអាក្រក់ក្នុងរដូវវស្សាចន្លោះខែមិថុនា ដល់ខែវិច្ឆិកា។ កាលពីឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ និងការរអិលបាក់ដី បានបណ្តាលឱ្យមនុស្ស ១៦៩នាក់ស្លាប់ ឬបាត់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ខណៈអ្នកវិទ្យាសាស្ត្រ បានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅទូទាំងពិភពលោក កាន់តែមានសភាពធ្ងន់ធ្ងរ និងញឹកញាប់ ដោយសារការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ CNA

Share.