បើតាមការប្រកាសរបស់ប្រធានាធិបតីនៃប្រទេសម៉ាឡាវី លោក ឡាហ្សារូស ចាក់វេរ៉ា (Lazarus Chakwera) កាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) បានឱ្យដឹងថា អនុប្រធានាធិបតីលោក សូឡូស ឈីលីម៉ា (Saulos Chilima) បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ រួមជាមួយនឹងអ្នកដំណើរ ៩នាក់ផ្សេងទៀត ។ នេះបើយោងតា​មការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។

យន្តហោះនេះបានបាត់ខ្លួនចេញពីរ៉ាដា កាលពីថ្ងៃចន្ទ បន្ទាប់ពីខកខានមិនបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិនៅភាគខាងជើងទីក្រុង Mzuzu ដែលមានចម្ងាយប្រហែល ៣៨០គីឡូម៉ែត្រ ពីរដ្ឋធានី Lilongwe ដោយសារបញ្ហាអាកាសធាតុ។ លោក Chakwera បាន​និយាយ​ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​ ថា «បំណែក​យន្តហោះ​ត្រូវ​បាន​គេ​កំណត់​ទីតាំងឃើញនៅតំបន់ភ្នំព្រៃការពារ ឈីកានហ្គាវ៉ា (Chikangawa) ភាគខាងជើងប្រទេសរបស់យើង។ ក្រុមអ្នករុករក និងជួយសង្រ្គោះ បានរកឃើញយន្ដហោះនោះ ត្រូវបានបំផ្លាញទាំងស្រុង ដោយគ្មានអ្នកណាម្នាក់នៅរស់រានមានជីវិតទេ វាជាសោកនាដកម្មដ៏អាក្រក់ និងគួរឱ្យភ័យខ្លាច ខ្ញុំពិតជាសោកស្ដាយជាខ្លាំង»។

កាលពីព្រឹកថ្ងៃអង្គារនេះ កងកម្លាំងការពារប្រទេសម៉ាឡាវី បាននិយាយថា ពួកគេបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងទាហានយ៉ាងហោចណាស់ ២០០នាក់ ដើម្បីស្វែងរកយន្តហោះនៅក្នុងតំបន់ខាងលើ ដោយមេបញ្ជាការកងកម្លាំង បាននិយាយថា ប្រតិបត្តិការជួយសង្រ្គោះត្រូវបានពន្យាពេល ដោយសារលក្ខខណ្ឌអាកាសធាតុអាក្រក់។

គួររំលឹកថា លោក សូឡូស ឈីលីម៉ា (Saulos Chilima) មានអាយុ ៥១ឆ្នាំ លោកបានត្រឡប់មកប្រទេសម៉ាឡាវី កាលពីថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលកូរ៉េ-អាហ្រ្វិក នៅទីក្រុងសេអ៊ូល កាលពីសប្ដាហ៍មុន។ លោក បានបម្រើការជាលើកដំបូង ជាអនុប្រធានអតីតប្រធានាធិបតីរបស់លោក Peter Mutharika ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៩ មុនពេលស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីជាលើកទី២ ក្នុងឆ្នាំ២០២០៕

ប្រភព៖ CNN

Share.