ព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ នាដើមសប្តាហ៍នៅខែមិថុនានេះបានសំដែងការភ្ញាក់ផ្អើល និងបានបញ្ចេញមតិផ្សេងៗគ្នា ជុំវិញសកម្មភាពដែលបាននិងកំពុងចាក់ដីចូលទៅក្នុងសមុទ្រយ៉ាងជ្រៅ ដោយអ្នកខ្លះបានសំដែងការសាទរ ចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សគ្នាធ្វើឲ្យខេត្តព្រះសីហនុ កែប្រែមុខមាត់ថ្មី សាកសមខេត្តពហុបំណង។

ប៉ុន្តែមតិខ្លះទៀតបានសំដែងការខកចិត្តដោយពួកគាត់បានបង្ហើបថា ពួកគាត់ពិតជាមានការសោកស្ដាយចំពោះឆ្នេរដ៏ស្រស់ស្អាត ដែលពិភពលោកទទួលស្គាល់ថាឆ្នេរសមុទ្រកម្ពុជាជាឆ្នេរដែលស្អាតជាងគេបំផុតលើពិភពលោក សូម្បីតែប្រទេសជិតខាងយើងក៏ពុំមានឆ្នេរស្អាតដូចប្រទេសកម្ពុជាដែរ ប៉ុន្តែថ្មីៗនេះបែរជាមានក្រុមហ៊ុនវិនិយោគបរទេសមានសិទ្ធិចាក់ដីលុបឆ្នេរលប់សមុទ្រយ៉ាងសេរីទៅវិញ។ចំពោះការអភិវឌ្ឍន៍ ក្នុងនាមពួកគាត់ជាកូនខ្មែរ រីករាយស្វាគមន៍ជានិច្ចតែស្នើអោយ ការអភិវឌ្ឍន៍នោះ កុំធ្វើឱ្យប៉ះពាល់ដល់ឆ្នេរសមុទ្រដ៏ស្រស់ផូរផងរបស់កម្ពុជាអី។ កុំដើម្បីការអភិវឌ្ឍន៍បន្តិចបន្តួច បំផ្លាញនូវគេដំណែលនិងធនធានធម្មជាតិមានស្រាប់ដ៏ល្អផូរផង់មួយនេះ ត្រូវរួមគ្នារក្សានិងការពារឲ្យបាននូវធនធានធម្មជាតិដែលមានស្រាប់របស់កម្ពុជា ដើម្បីទុកជូន កូនចៅជំនាន់ក្រោយ។

ឆ្លើយតបការផ្ទុះប្រតិកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ជុំវិញការចាក់ដីលប់ឆ្នេរ និង សមុទ្រនេះ មន្ត្រីនៃមន្ទីរសុរិយោដីម្នាក់សូមមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់បណ្ដាញសារព័ត៌មានថា ជុំវិញការចាក់ដីលប់សមុទ្រធ្វើទំនប់ការពាររលកនិងសួនបាញ់ទឹកនេះ គឺមានការឯកភាពពីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់រួចហើយ ប៉ុន្តែក្រុមហ៊ុនត្រូវរង់ចាំការសម្រេចពីអាជ្ញាធរខេត្តនិងមន្ត្រីជំនាញខេត្តជាមុនសិន ព្រោះបច្ចុប្បន្ន អាជ្ញាធរខេត្តក៏ដូចមន្ទីរជំនាញកំពុងពិនិត្យសិក្សាផលប៉ះពាល់  ។

ដោយឡែក លោក ឃាង ភារម្យ  ប្រធានការិយាល័យវិនិយោគនៃរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា ទីតាំងចាក់ដីនេះជាគម្រោងសាងសង់អាងតន្ត្រីបាញ់ទឹក និងទំនប់ការពារលកសមុទ្រ។ប្រភពដដែលបានបន្តថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នារួចមក លោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានការងារ បានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម៖
១. ក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ជាបណ្តោះសិន
២. ក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ ៣.ក្រុមហ៊ុនត្រូវមានសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល
៤. ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ
៥. ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់
ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៦. ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនិតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាល រងនៃគណៈអភិបាលខេត្តព្រះសី ហនុទទួលបន្ទុកជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ចំពោះទីតាំងដែលចាក់ដីលប់ឆ្នេរនិងចាក់ដីចូលសមុទ្រនេះគឺជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេច ផ្តល់សិទ្ធិវិនិយោគនិងត្រូវបានក្រសួងដែនដីនគររូបនីយកម្ម និង សំណង់ ចុះហត្ថលេខាដោយឯកឧត្តម តឹក រ៉េត សម្រេច រដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្មនឹងសំណង់បានសម្រេចឲ្យក្រុមហ៊ុនចិនខាងលើ មានសិទ្ធិអភិវឌ្ឍន៍នៅចំណុចឆ្នេររអូរត្រេះស្ថិតក្នុងភូមិ ៦សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ ក្នុងទំហំផ្ទៃដីជាង៨ហិចតា ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.