បារី៖ មេដឹកនាំក្រុមប្រទេស G7 ប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលរបស់ប្រទេសអ៊ីតាលី ដោយស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក ដើម្បីជួយអ៊ុយក្រែន ដែលកំពុងហែកហួរដោយសង្រ្គាមរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងមេដឹកនាំមកពីប្រទេសអ៊ីតាលី អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា និងជប៉ុន នៅរមណីយដ្ឋានដ៏ប្រណីត Borgo Egnazia ក្នុងទីក្រុង Puglia។

មេដឹកនាំ G7 សង្ឃឹមថា នឹងយល់ព្រមលើប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់ទីក្រុង Kyiv ដែលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅធនាគារកណ្តាល ចំនួន ៣០០ពាន់លានអឺរ៉ូ (ស្មើនឹង ៣២៥ពាន់លានដុល្លារអាមេរិក) ដែលជាប់គាំងបន្ទាប់ពីការលុកលុយរបស់កងទ័ពរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ការិយាល័យប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធ បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រមលើការផ្តល់ប្រាក់កម្ចី ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនមុនដំណាច់ឆ្នាំនេះ រួចទូទាត់វិញជាមួយនឹងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក។

ទន្ទឹមនឹងនេះដែរ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងប្រកាសផ្តល់ជំនួយទ្វេភាគីថ្មីដល់ទៅ ៣១០លានដុល្លារដល់ទីក្រុង Kyiv នៅក្នុងកិច្ចប្រជុំកំពូល ដោយបន្ថែមថា នឹងរុករកគ្រប់មធ្យោបាយស្របច្បាប់ ដែលទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី អាចប្រើដើម្បីគាំទ្រអ៊ុយក្រែន។

សូមជម្រាបថា សហភាពអឺរ៉ុប បានព្រមព្រៀងកាលពីដើមឆ្នាំនេះ ដើម្បីប្រើប្រាស់ប្រាក់ចំណេញសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ៣ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។ ​​ប៉ុន្តែគំនិតនៅ G7 គឺត្រូវប្រើវា ដើម្បីផ្តល់ជំនួយកាន់តែលឿនក្នុងទម្រង់នៃប្រាក់កម្ចីជាមុនចំនួន ៥០ពាន់លានដុល្លារ៕

ប្រភព៖ CNA

Share.