សិល្បៈជាតិ៖ ភាពយន្ត « ម៉ែក្មេកខ្ញុំខ្មោច » ជាវណ្ណកម្មភាពយន្តថ្មីសន្លាងមួយទៀតរបស់ផលិតកម្ម LD ដែលចូលមកផ្ដល់សំណើច និងភាពយន្តភ័យរន្ធត់ខ្លះដល់អ្នកទស្សនា តាមរយៈដឹកនាំសម្តែងដោយលោក ឌៀប សិលា ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត។

យ៉ាងណាមិញ អ្នកទស្សនាគ្រប់គ្នាមិនគួររំលងភាពយន្តនេះឡើយ ព្រោះថា ភាពយន្តបានគាស់រំលឹកអំពីទឹកចិត្តអ្នកម្ដាយ និងអារម្មណ៍របស់ម្ដាយដែលស្រឡាញ់កូន បើទោះបីជាម្ដាយក្លាយជាខ្មោចក៏ដោយ។

ភាពយន្តមួយនេះ មានតួអង្គសំខាន់ជាច្រើននាក់ចូលរួមសម្តែង ពិសេសគឺតួកញ្ញា អាង សុជាតា ហៅ ឈូឈូ និង លោក ហេង ម៉េងឃុន អ្នកទាំងពីរគឺជាតារាសម្តែងវ័យក្មេងដ៏មានទេពកោសល្យ រួមទាំងតារាកិត្តិយសជាច្រើនដួងទៀត។

« ម៉ែក្មេកខ្ញុំខ្មោច » ត្រូវបានអ្នកនិពន្ធលើកមកជាប្រភេទរឿងស្នេហា រ៉ូម៉ែនទិក បែបយុវវ័យ មានលាយឡំជាមួយ កំប្លែង រន្ធត់ដែលធ្វើឱ្យអ្នកទស្សនាភ័យផង អរផង និង សើចផង នៅពេលដែលបានទស្សនាហើយ ជាក់ស្តែងតាមរយៈការប្រម៉ូដវីដេអូ Trailer នៅនៅលើបណ្តាសង្គម គឺពិតជាធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ទស្សនារឿងនេះ។

ទាំងតារាសម្តែង និង អ្នកដឹកនាំរឿង សុទ្ធតែរំពឹងថា ភាពយន្ត « ម៉ែក្មេកខ្ញុំខ្មោច » នឹងទទួលបានការគាំទ្រខ្លាំងពេលដាក់បញ្ចាំង ដោយមិនចាញ់ស្នាដៃមុនៗរបស់ផលិតកម្ម LD បានផលិតនោះទេ។

គួររំលឹកដែរថា ភាពយន្ត« ម៉ែក្មេកខ្ញុំខ្មោច » ដែលស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម LD បានរៀបចំសម្ពោធកាលពីថ្ងៃទី ១១ ខែ មិថុនាកន្លងមកនេះនៅផ្សារទំនើប ជីពម៉ុង ២៧១ ដោយមានវត្តមានសិល្បករសិល្បការិនីជាច្រើនចូលរួមអបអរសាទរ ។ ហើយភាពយន្តនេះ មានដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ នេះតទៅ៕

Share.