ព្រះសីហនុ÷ យោងតាមប្រភពបណ្ដាញទំនាក់ទំនងសង្គមក៏ដូចជាគ្រុបមហាជននៅក្នុងក្រុងព្រះសីហនុបានផ្ញើសារ ភ្ជាប់ជាមួយនឹងរូបភាព អំពីករណីចោរកម្មផ្ទួនៗដែលធ្វើឲ្យមហាជនជាច្រើនបង្ហាញនូវប្ដីបារម្ភណ៍ អំពីសុវត្ថិភាពក៏ដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដោយសារមួយរយៈចុងក្រោយនេះ នៅក្នុងក្រុងព្រះសីហនុករណីក្រុមចោរកាច់កម៉ូតូស្ទើររាល់យប់។

យោងតាមសារសំឡេងនិងរូបភាពជាច្រើន ដែលជន រងគ្រោះបានផ្ញើចូលគ្រុបមហាជន(គ្រប់សោមភក្រ្តា) គិតត្រឹមតែសប្តាហ៍ទី 2 នៃខែមិថុនានេះ មានម៉ូតូរហូតដល់ 7 គ្រឿងហើយបានបាត់ ជាហេតុធ្វើឱ្យមានការបញ្ចេញមតិរិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងព្រះសីហនុ ហាក់មិនមានចំណាត់ការទាល់តែសោះ ចំពោះករណីចោរកម្មដែលកំពុងកើតពេញបន្ទុកនៅក្នុងក្រុងព្រះសីហនុ។

ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋដែលកំពុងរស់នៅនិងប្រកបអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ សូមស្នើឱ្យឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត សូមមេត្តាពិនិត្យទៅលើបញ្ហានេះផង បើពុំមានការបង្ក្រាបទាន់ពេលវេលានោះទេ បញ្ហាទាំងនេះនិងជាបន្ទុកដ៏ធ្ងន់ធ្ងរមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ។

ឆ្លើយតបទៅហ្នឹងបញ្ហាចោរកម្ម ដែលបាននឹងកំពុងកើតមាននៅក្នុងក្រុងព្រះសីហនុ មួយរយៈចុងក្រោយនេះ លោក សំ ប្រាក់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ 4 បានឲ្យដឹងថា ដើមខែមិថុនានេះ ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ 4 បានទទួលបណ្ដឹងតែ 5 ប៉ុណ្ណោះ ដែលប្រជាពលរដ្ឋបានប្ដឹងថា ពួកគាត់បានបាត់ម៉ូតូ នៅចំណុចនឹងទីតាំងខុសៗគ្នា ហើយគាត់បានធ្វើរបាយការណ៍ទៅថ្នាក់លើតាមឋានានុក្រមហើយ ជុំវិញករណីទាំងនេះ ហើយកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលយើងក៏កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជាបឋមផងដែរ។

លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឆ្លើយប្រាប់បណ្ដាញសារព័ត៌មានដោយខ្លីថា ចំពោះករណីចោរកម្មនាមួយរយៈចុងក្រោយនេះ លោកពុំបានដឹងទេ ដឹងតែមួយករណីតែប៉ុណ្ណោះ ហើយបិទក៏ទៅទូរស័ព្ទ ដោយលោកឆ្លើយថាជាប់ប្រជុំ។

ឆ្លើយតបទៅនឹងបញ្ញាទាំងនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មួយរយៈចុងក្រោយនេះពិតជាមានករណីចោរកម្មពិតមែន ប៉ុន្តែក្នុងចំណោមករណីទាំងនោះ សមត្ថកិច្ចបានកំណត់មុខសញ្ញាបានច្រើនហើយ កំពុងបន្តនីតិវិធីស្រាវជ្រាវ និងរកបទល្មើសបន្ថែម ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចជាករណីនៅទីលានសម្ដេចតេជោ ឬហៅថាឆ្នេរកន្ទុយនាគ ម្ចាស់ម៉ូតូបានទុកម៉ូតូចោល ខ្វះការប្រុងប្រយ័ត្ន ដែលអាចធ្វើឲ្យជនឆ្លៀតឱកាស អាចប្រព្រឹត្តបទល្មើសបាន។

ប្រភពតារាបានបន្តថា អ្វីៗត្រូវផ្ដើមចេញពីយើងទាំងអស់គ្នាសិន មិនអាចពឹងតែទៅលើសមត្ថកិច្ចតែម្ខាងបាននោះទេ ជាបឋមត្រូវតែការពារប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំមានការធ្វេប្រហែស ព្រោះជនឆ្លៀតឱកាស ចាំមើលតែម្ចាស់ទ្រព្យ ទេ ឲ្យតែប្រហែសតែបន្តិច ពួកគេនឹងប្រព្រឹត្តភ្លាម។

ប្រភពដដែលក៏បានបញ្ជាក់ផងដែរថា សូមបងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូហើយពុំទាន់បានដាក់បណ្ដឹងសូមអញ្ជើញទៅដាក់ពាក្យប៉ុណ្ណឹងនៅប៉ុស្តិ៍រដ្ឋបាលដែលនៅជិតអ្នក បំផុតដើម្បីសមត្ថកិច្ចមានទុន និងការធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានទៅចាប់ខ្លួនក្រុមជនសង្ស័យទាំងនោះ៕

អត្ថបទ÷ ឈុន គឹមហៃ

Share.