ព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់  អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលព័ត៌មានថា មានករណីមនុស្សប្រុស ០១នាក់ធ្លាក់ពីអគារ បណ្តាលឱ្យរបួស រួចបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យថុងជិ ស្ថិតនៅក្រុម១២ ភូមិ០៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ខណៈសមត្ថកិច្ចមកដល់មន្ទីរពេទ្យ ហើយបានដាក់កំលាំងសមត្ថកិច្ចអង្គុយយាមនៅខាងក្រៅមាត់ទ្វារបន្ទប់ ដើម្បីរង់ចាំសាកសួរជនរងគ្រោះ។ ក្នុងអំឡុងពេលនៅមន្ទីរ ជនរងគ្រោះមិនយល់ព្រមឱ្យក្រុមគ្រូពេទ្យ ព្យាបាលលាងរបួស ទេ។

លុះដល់វេលាម៉ោងប្រហែល១៩និង៥០នាទីយប់ថ្ងៃដដែល មានមិត្តភក្តិជនរងគ្រោះម្នាក់ ជាជនជាតិចិនដូចគ្នា ឈ្មោះ Chen Xiao Qiang ភេទប្រុស មកដល់បន្ទប់សំរាករបស់ជនរងគ្រោះ ហើយពេលនោះមានគ្រូពេទ្យចូលទៅលាងរបួស ប៉ុន្តែជនរងគ្រោះមិនព្រមឱ្យលាងរបួសទេ និងសូម្បីតែមិត្តក្តិជួយនិយាយលួងលោមយ៉ាងណា ក៏មិនព្រមស្តាប់ដែរ។

ក្រោយមក មិត្តក្តិរបស់ជនរងគ្រោះ បានដើរចេញមកក្រៅអង្គុយលេងជាមួយសមត្ថកិច្ចបានបន្តិច សមត្ថកិច្ចដែលយាមកាមនៅទីនោះបានចូលទៅក្នុងបន្ទប់មើលជនរងគ្រោះ ស្រាប់តែមិនឃើញនៅលើគ្រែ និងឃើញបង្អួចបើកចំហរចោល រួចអឺតមើលទៅក្រោមឃើញជនរងគ្រោះនៅដេកលើដីមានស្មៅខាងក្រោម ទើបនាំគ្នាផ្អើលឆោលឡោតែម្តង។

សពជនរងគ្រោះមានឈ្មោះ KE YITAO ភេទប្រុស ជាជនជាតិចិន មានមុខនរបរជាបុគ្គលិកជំនាញកំព្យូទ័រ កាន់លិខិតឆ្លងដែនលេខ: EJ9673001 សែលមានសុពលភាព: ២២ កុម្ភៈ ២០៣៣។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានពិនិត្យកោសល្យវិច្ឆ័យ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ “លោតពីលើទីខ្ពស់បណ្ដាលឱ្យបែកសរីរាង្គខាងក្នុងធ្ងន់ធ្ងរស្លាប់។ បច្ចុប្បន្នសពត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅសាលតម្កល់សព នៃមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ចំការចេក ៕

អត្ថបទ៖ ឈុន គីមហៃ

Share.