កង់បេរ៉ា៖ រដ្ឋាភិបាលរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី បាននិយាយថា ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមទាមួយកន្លែង នៅក្បែរទីក្រុង Melbourne ជិតកសិដ្ឋានបសុបក្សីចំនួន៥ ដែលមេរោគបានឆ្លងរាលដាលរួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤។

អាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីចំនួន ២ប្រភេទនៅជិតទីក្រុងមែលប៊ន ដែលជាប្រភេទ H7N3 នៅលើកសិដ្ឋានចិញ្ចឹមសត្វចំនួន៤ និងកសិដ្ឋានទា ដោយមួយប្រភេទទៀត គឺ H7N9 នៅលើកសិដ្ឋានបសុបក្សីចម្ងាយប្រហែល ១៣០គីឡូម៉ែត្រពីភាគនិរតី។

ជំងឺផ្ដាសាយបក្សីទាំង ២ប្រភេទនេះ មិនមែនជាប្រភេទ H5N1 ដែលបានឆ្លងដល់សត្វព្រៃ និងសត្វរាប់លានក្បាលក្នុងកសិដ្ឋាននៅទូទាំងពិភពលោក ធ្វើឱ្យខូចសង្វាក់ផ្គត់ផ្គង់អាហារ និងបង្កើនការភ័យខ្លាចនៃការចម្លងមនុស្សនោះទេ។

ទាក់ទិននឹងបញ្ហានេះ នាយកដ្ឋានកសិកម្មរបស់រដ្ឋ Victoria បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា «ការធ្វើតេស្តបានបញ្ជាក់ពីមេរោគ H7N3 នៅក្នុងកសិដ្ឋានទាខាងលើ ។

ដោយឡែករដ្ឋមន្រ្តីក្រសួងកិសកម្ម លោក Murray Watt បាននិយាយនៅសប្ដាហ៍នេះថា សត្វបក្សី និងស៊ុត ប្រហែល ២១-២២លានក្បាល ត្រូវបានសម្លាប់ និងកម្ទេចចោល នៅកសិដ្ឋានដែលរងផលប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនេះ យ៉ាងណានេះមិនមែនជាករណីកម្រនៅក្នុងប្រទេសអូស្រ្តាលីទេ៕

ប្រភព៖ CNA

Share.