ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋហ្សកដានី ១៤នាក់បានស្លាប់ អំឡុងធ្វើធម្មយាត្រា Hajj ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែដើរហាលថ្ងៃ ទាំងដែលអាកាសធាតុក្ដៅខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងការបរទេសហ្ស៊កដានី បាននិយាយថា ប្រជាជនរបស់ខ្លួនចំនួន ១៤នាក់បានស្លាប់ បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដោយសាររលកកំដៅខ្លាំងហើយ ខណៈពលរដ្ឋរបស់ខ្លួនចំនួន ១៧នាក់ទៀតត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន ហើយយើងកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានបញ្ជាក់ថា អ្នកធ្វើធម្មយាត្រាអ៊ីរ៉ង់ ៥នាក់ក៏បានបាត់បង់ជីវិតដែរ ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបដែលពួកគេបានបាត់បង់ជីវិតនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្ស៊កដានី បាននិយាយថា ខ្លួនកំពុងសម្របសម្រួលជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត លើនីតិវិធីមួយចំនួន ដើម្បីបញ្ចុះ ឬដឹកជញ្ជូនសាកសពរបស់អ្នកស្លាប់ ទៅតាមការចង់បានរបស់ក្រុមគ្រួសាររបស់ពួកគេ។

ពិធីបុណ្យ Hajj គឺជាពិធីបុណ្យដ៏ធំបំផុតមួយក្នុងពិភពលោក។ យោងតាមមន្ត្រីអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា អ្នកធម្មយាត្រាជាង ១.៨លាននាក់កំពុងចូលរួមនៅឆ្នាំនេះ។ ប៉ុន្តែ​ពុិធីបុណ្យនេះ ធ្លាប់​មាន​ប្រវត្តិ​នៃ​គ្រោះមហន្តរាយ​ដ៏​សាហាវនានា ដូចជា ការ​រត់​ជាន់​គ្នា និង​ភ្លើង​ឆេះ​តង់​ យ៉ាងណាបញ្ហាប្រឈមចម្បង គឺមកពី ការឡើងកំដៅខ្លាំងតែម្ដង។

សីតុណ្ហភាពលើសពី ៤៦អង្សាសេនៅសប្តាហ៍នេះ ដែលធ្វើឲ្យពិធីជាច្រើនដែលត្រូវបានអនុវត្តនៅខាងក្រៅវិហារ មានការលំបាក ជាហេតុបង្កជាគ្រោះថ្នាក់ផ្សេងៗ ជាពិសេសសម្រាប់មនុស្សចាស់។

ទាក់ទិននឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលឧតុនិយមជាតិអារ៉ាប៊ីសាអូឌីត លោក Ayman Ghulam បានព្រមានកាលពីសប្តាហ៍មុនថា «អាកាសធាតុដែលរំពឹងទុកសម្រាប់ពិធីបុណ្យ Hajj នៅឆ្នាំនេះ នឹងប្រព្រឹតត្តទៅក្រោមកម្ដៅថ្ងៃ ក្ដៅខ្លាំងជាងឆ្នាំមុន ដោយជាមធ្យមមានសីតុណ្ហភាពពី ១.៥អង្សាសេ ទៅ ២អង្សាសេ ដែលលើសពីសីតុណ្ហភាពធម្មតានៅក្នុងទីក្រុង Mecca និងទីក្រុង Medina»។

យ៉ាងណាម៉ិញ ដើម្បីជួយកាត់បន្ថយកម្ដៅ ក្រុមមន្រ្តីអារ៉ាប៊ីសាអូឌីត បានបាញ់ចំហាយទឹក ចែកចាយទឹក និងផ្ដល់ដំបូន្មានដល់អ្នកធ្វើធម្មយាត្រា អំពីរបៀបការពារខ្លួនពីកម្ដៅព្រះអាទិត្យផងដែរ។

ទន្ទឹមនោះ ក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីត ក៏បានចេញសេចក្តីណែនាំផងដែរ ដោយស្នើឱ្យអ្នកធ្វើធម្មយាត្រា រក្សាជាតិទឹក និងជៀសវាងការនៅកណ្ដាលវាល អំឡុងម៉ោងក្តៅបំផុត ចាប់ពីចន្លោះពីម៉ោង ១០:០០នាទីព្រឹក ដល់ ៤:០០នាទីរសៀល។

សូមជម្រាបថា កាលពីឆ្នាំមុន យ៉ាងហោចណាស់មនុស្ស ២៤០នាក់បានស្លាប់ ក្នុងពិធីបុណ្យនេះ ហើយកាលពីឆ្នាំ២០១៥ កើតមានគ្រោះមហន្ដរាយដ៏អាក្រក់បំផុតមួយ ដោយមនុស្សជាង ២,០០០នាក់ បានស្លាប់ព្រោះតែការរត់ជាន់គ្នា៕

ប្រភព៖ BBC

Share.