ដើម្បី​ឲ្យ​យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ ដែល​ជា​មធ្យោបាយ​ដ៏​មាន​សារៈសំខាន់ ក្នុង​ការ​ផ្ដល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធភាព ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ជា​ធរមាន​នោះ ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​កត្តា​គន្លឹះ​សំខាន់​ៗ​ចំនួន​៣​។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា ឆ្នាំ​២០២៤​។ កត្តា​ទាំង​៣​នោះ​គឺ ទី១ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ផ្ដល់​កិច្ចសហការ គាំទ្រ​ដល់​ការ​បណ្ដុះបណ្ដាល កសាង​សមត្ថភាព ដល់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ អំពី​បែបបទ និង​នីតិវិធី​បច្ចេកទេស​។ ទន្ទឹម​គ្នា​នេះ​ដែរ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​មាន​តួនាទី​ភារកិច្ច​តាមដាន ត្រួតពិនិត្យ និង​វាយ​តម្លៃ ទៅ​លើ​ការងារ​របស់​មន្ត្រី​នៅ​តាម​ច្រក​ចេញចូល​តែ​មួយ ដើម្បី​ធានា​ឲ្យ​ការ​ផ្ដល់​សេវា​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​មាន​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យ​ភាព ប្រកប​ដោយ​បរិយាបន្ន​។

ទី២ ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​ការ​រៀបចំ​កន្លែង​ផ្ដល់​សេវា​ឲ្យ​បាន​សមរម្យ មន្ត្រី​បម្រើ​សេវា​ត្រូវ​មាន​ភាព​រោះរាយ​រាក់ទាក់ និង​បង្ក​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នេះ​មន្ត្រី​ដែល​បម្រើការ​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​ត្រូវ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ មាន​ការ​ទទួល​ខុសត្រូវ និង​ស្អាតស្អំ​ក្នុង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​។

ទី៣ ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​ឲ្យ​បាន​ទូលំទូលាយ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​។ ហើយ​មន្ត្រី​បម្រើការ​នៅ​ច្រកចេញ​ចូល​តែ​មួយ​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​ខ្លួនឯង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជា​លំដាប់​ផង​ដែរ ជា​ពិសេស​សមត្ថភាព​យល់​ដឹង​អំពី​លិខិត​បទដ្ឋាន​គតិយុត្តិ បែបបទ​ការងារ និង​បច្ចេកទេស​ពាក់ព័ន្ធ​។

ឯកឧត្ដម សួស ប្រាថ្នា បាន​ក្រើនរំលឹក​ឲ្យ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​មន្ត្រី​ដែល​បម្រើការ​នៅ​ច្រកចេញ​ចូល​តែមួយ ត្រូវ​សិក្សា​ឈ្វេងយល់ បង្កើន​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ឲ្យ​ស្រប​ទៅ​តាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​។

អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជំរុញ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង តាម​រយៈ​ទៅ​ទទួល​សេវា​ដោយ​ផ្ទាល់ ជា​ជាង​ពឹង​លើ​អ្នក​រត់​ការណ៍ ហើយ​ចូលរួម​លើក​ជា​មតិ​យោបល់​ក្នុង​ន័យ​ស្ថាបនា ប្រសិនបើ​មាន​ចំណុច​ខ្វះ​ចន្លោះ​ណា​មួយ​ដែល​ត្រូវ​បំពេញ​បន្ថែម​។ លោក​បង្ហាញ​នូវ​សុទិដ្ឋិនិយម​លើ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ហើយ​មិន​ត្រូវ​មាន​ការ​ស្ទាក់ស្ទើរ​លើ​ការ​ទទួល​សេវា​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​ឡើយ ប្រសិន​បើ​មាន​កន្លែង​ណា​មួយ ដែល​មិន​យល់ ឬ​មិន​ទាន់​ជាក់​ច្បាស់ ដូច​ជា​ការ​បំពេញ​បែប​បទ​ផ្សេងៗ ត្រូវ​រក​ជំនួយ​អន្តរាគមន៍​ពី​មន្ត្រី​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​នោះ​តែ​ម្ដង ត្បិត​ភារកិច្ច​របស់​ពួក​គាត់ គឺ​ចាំ​ជួយ​ប្រជាពលរដ្ឋ​អ្នក​ទទួល​សេវា​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.