សេអ៊ូល/មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធ សប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល ២៤ឆ្នាំ ដោយប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយប្រទេសឯកោដែលមានអាវុធនុយក្លេអ៊ែរ និងគាំទ្រប្រទេសនេះប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ​ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

យ៉ាងណាម៉ិញ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ី កំពុងព្យាយាមរកឱ្យឃើញថា តើរុស្ស៊ីនឹងទៅឆ្ងាយប៉ុណ្ណា ដើម្បីគាំទ្រមេដឹកនាំកូរ៉េខាងជើង ដែលជាប្រទេសតែមួយគត់ដែលបានធ្វើតេស្តអាវុធនុយក្លេអ៊ែរក្នុងសតវត្សទី២១។

នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង លោកពូទីនបានសរសើរ «សមមិត្ត គីម» ហើយបានសន្យាថា «នឹងរួមគ្នាប្រឆាំងនឹងការដាក់កំហិតដោយឯកតោភាគីខុសច្បាប់» លើកូរ៉េខាងជើង ដើម្បីអភិវឌ្ឍពាណិជ្ជកម្ម និងពង្រឹងសន្តិសុខនៅទូទាំងអឺរ៉ាស៊ី។

លោក ពូទីន បាននិយាយរិះគន់សហរដ្ឋអាមេរិក នៅក្នុងអត្ថបទដែលបានបោះពុម្ពនៅលើទំព័រមុខរបស់កាសែត Rodong Sinmun របស់កូរ៉េខាងជើងថា «ទីក្រុងវ៉ាស៊ីនតោន ដាក់ចេញនូវការទាមទារកាន់តែតឹងរ៉ឹង ដោយរុស្ស៊ីបញ្ជាក់ជាថ្មី នូវការបន្ដគាំទ្រចំពោះកូរ៉េខាងជើង និងវីរជនកូរ៉េក្នុងការប្រឆាំងរបស់ពួកគេចំពោះសត្រូវដ៏អាក្រក់ និងការឈ្លានពាន»។

លោក ពូទីន បានចេញបទបញ្ជារបស់ប្រធានាធិបតីនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចនេះ ដោយនិយាយថា ទីក្រុងម៉ូស្គូ កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើ «សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយកូរ៉េខាងជើង។

លោក ពូទីន បានកត់សម្គាល់ថា សហភាពសូវៀត គឺជាអ្នកដំបូងគេដែលទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលបង្កើតឡើងដោយ ជីតារបស់លោក គឺ លោក គីមអ៊ីលស៊ុង តិចជាងពីរឆ្នាំមុនសង្គ្រាមកូរ៉េឆ្នាំ១៩៥០។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានចុះផ្សាយអត្ថបទសរសើររុស្ស៊ី និងគាំទ្រប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ដោយហៅថាជា «សង្រ្គាមបរិសុទ្ធរបស់ពលរដ្ឋរុស្ស៊ីទាំងអស់»។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន បានកើតឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិក ចោទប្រកាន់ថា កូរ៉េខាងជើង បានផ្គត់ផ្គង់មីស៊ីលប៉ាឡេស្ទិក និងផ្ដល់អាវុធជាច្រើនសន្ធឹកសន្ទាប់ ទៅឱ្យរស្ស៊ីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធការផ្ទេរសព្វាវុធ ដែលអាមេរិក និងសម្ព័ព្ធមិត្ត ចោទប្រកាន់ ប៉ុន្ដែបានសន្យាថា នឹងពង្រឹងទំនាក់ទំនងយោធា រួមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយកូរ៉ខាងជើង៕

ប្រភព៖ CNA

Share.