លោក Facundo Tello អាជ្ញាកណ្ដាល​បាល់ទាត់​ដែល​​ធ្លាប់​ចាយ​កាត​​ក្រហម​១០​សន្លឹក ដេញ​កីឡាករ​១០នាក់​ចេញ​ពី​ទីលាន​ប្រកួត ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​ប្រទេស​អាហ្សង់ទីន Argentine Primera División champions ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប អញ្ជើញ​ឱ្យ​ចូលរួម​កាត់​សេចក្តី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ធំ​ប្រចាំ​ទ្វីប UEFA Euro 2024 នៅ​ប្រទេស​អាល្លឺម៉ង់។

លោក​ Facundo Tello វ័យ​៤២​ឆ្នាំ​បាន​ក្លាយ​ជា​អាជ្ញាកណ្តាល​ក្រៅ​ទ្វីប​អឺរ៉ុប មុន​គេ ដែល​ចូលរួម​កាត់សេចក្តី​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់ UEFA Euro បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាង​ត្បូង នាំ​រូប​លោក​ទៅ​ទឹកដី​អឺរ៉ុប។

បុរស​​ជនជាតិ​អាហ្សង់ទីន រូប​នេះ​បាន​ដឹកនាំ​ការ​ប្រកួត​​ក្នុង​ពូល F គ្រា​​ដែល​ក្រុម​តួរគី យក​ឈ្នះ​លើ​ក្រុម​ចចជី ដោយ​លទ្ធផល ៣-១ លើ​ទីលាន Westfalenstadion ក្នុង​ទីក្រុង Dortmund​​ ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជិត​៦ម៉ឺន​នាក់ នា​រាត្រី​ថ្ងៃ​ទី១៨ ឈាន​ចូល​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤។

លោកFacundo Tello កាន់​កញ្ចែ​ចាយ​កាត​​ក្រហម​១០​សន្លឹក​ក្នុង​១ប្រកួត ក្នុង​ចំណោម​កាត​សរុប​២២​សន្លឹក នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​លីក​កំពូល​អាហ្សង់ទីន កាល​ពី​ឆ្នាំ​២០២២ កន្លង​ទៅ​​រវាង​ក្រុម ​Racing Club ប៉ះ​ក្រុម Boca Juniors លើ​ទីលាន​កីឡដ្ឋាន Estadio Único del Parque La Pedrera។ កាល​នោះ​ចប់​លទ្ធផល​១២០​នាទី ក្រុម​​ Boca Juniors ឈ្នះ​ Racing Club ដោយ​លទ្ធផល ២-១។

អត្ថបទពាក់ព័ន្ធ៖ ប្រកួត​១​នៅ​អាហ្សង់ទីន​ ​ត្រូវ​​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​១០​សន្លឹក (វីដេអូ)

សូម​រំលឹក​ថា​លោកFacundo Tello បាន​ជាប់​ឈ្មោះ​កាត់​សេចក្តី​ការ​ប្រកួត​លីគ​កំពូល​អាហ្សង់ទីន ពី​ឆ្នាំ​២០១៣ ហើយ​រហូត​ដល់​ឆ្នាំ​២០១៩ លោក​បាន​​បន្ត​ជាប់​ឈ្មោះ​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាង​ត្បូង CONMELBOL និង​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA។

នេះ​មិន​មែន​ជា​លើក​ដំបូង​សម្រាប់​លោក Tello ដែល​ចេញ​ដឹកនាំ​ការ​ប្រកួត​នៅ​ក្រៅ​ទ្វីប​អាមេរិក​ខាង​ជើង​​នោះ​ទេ កន្លង​មក​លោក​ធ្លាប់​ដឹកនាំ​ការ​ប្រកួត​នៅ​ក្នុង​ពានរង្វាន់ 2021 FIFA Arab Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ និង​ ពានរង្វាន់ 2022 FIFA World Cup នៅ​ប្រទេស​កាតារ​ជាដើម៕

Share.