តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បាននិយាយនៅថ្ងៃពុធ នេះថា ចិនកំពុងព្យាយាមបង្ខំតៃវ៉ាន់ ឱ្យចុះចូល ប៉ុន្តែថាខ្លួននឹងមិនចុះចូលនឹងសម្ពាធពីទីក្រុងប៉េកាំង ជាដាច់ខាត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ចិន​ បាន​ទាមទារ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយ​បានព្រមាន​ថា​ ខ្លួន​នឹង​មិន​បោះបង់​ការ​ប្រើប្រាស់​កម្លាំង​ ដើម្បី​បង្រួបបង្រួមមកឱ្យស្ថិតក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុង​ប៉េកាំង​ ក្នុងករណីចាំបាច់ណាមួយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង បានបង្កើនការដាក់សម្ពាធផ្នែកយោធា និងនយោបាយលើរដ្ឋាភិបាលទីក្រុងតៃប៉ិ ដោយក្នុងនោះមានទាំងការធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះតៃវ៉ាន់ បន្ទាប់ពីលោក Lai ឡើងកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធ សប្ដាហ៍នេះ ដែលជាខែដំបូងទី១ នៃការចូលកាន់តំណែង លោក Lai បាននិយាយថា «ការក្រសោបយកតៃវ៉ាន់ គឺជាគោលនយោបាយជាតិមួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន។ ជាបន្ថែមពីលើកម្លាំងយោធា ពួកគេបានប្រើប្រាស់វិធីសាស្ត្របង្ខិតបង្ខំដែលមិនមែនជាប្រពៃណីរបស់ជាតិសាសន៍យើង ដើម្បីព្យាយាមបង្ខំតៃវ៉ាន់ឱ្យចុះចូល»។

លោក Lai បានសង្កត់ធ្ងន់ថា «ទោះជាយ៉ាងណាក៏ដោយ តៃវ៉ាន់នឹងមិនចុះចាញ់នឹងសម្ពាធនោះទេ។ ប្រជាជនតៃវ៉ាន់ នឹងការពារដាច់ខាតនូវអធិបតេយ្យភាពជាតិ និងប្រកាន់ខ្ជាប់នូវរបៀបរស់នៅតាមបែបប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ»។

លោក បានមានប្រសាសន៍បន្ថែមថា «ប្រជាជនតៃវ៉ាន់ស្រឡាញ់សន្តិភាព និងមានចិត្តសប្បុរសចំពោះអ្នកដ៏ទៃ ប៉ុន្តែសន្តិភាពត្រូវតែគាំទ្រដោយកម្លាំង… សន្តិភាពពិត មិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ សន្តិភាពដែលគាំទ្រដោយកម្លាំង គឺជាសន្តិភាពពិតប្រាកដ»។

ដោយឡែកប្រទេសចិន បាននិយាយថា ល្បែងសង្គ្រាម – បានចាប់ផ្តើមប៉ុន្មានថ្ងៃបន្ទាប់ពីការចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែឧសភា របស់លោក ឡៃ ឈីងតេ គឺជា «ការដាក់ទណ្ឌកម្ម» សម្រាប់សុន្ទរកថាបើក នាថ្ងៃស្បថក្លាយជាមេដឹកនាំថ្មីតៃវ៉ាន់ ដែលទីក្រុងប៉េកាំង បានហៅថា «ការប្រកាសឯករាជ្យរបស់តៃវ៉ាន់ មានបំណងចង់បំបែកខ្លួនចេញពីចិន»៕

ប្រភព៖ CNA

Share.