ក្រុមអ្នកការទូតសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានបរាជ័យក្នុងការឯកភាពគ្នា លើកញ្ចប់ទណ្ឌកម្មទី១៤ ប្រឆាំងប្រទេសរុស្ស៊ី ខណៈប្រទេសអាល្លឺម៉ង់បន្ដរារាំង ទោះបីជាមានការលុបចោលនូវចំណុចមួយ ដែលទីក្រុងប៊ែរឡាំងរកឃើញថា មានបញ្ហាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Swissinfo នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមមន្ត្រីមកពីប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ចំនួន ២៧ប្រទេស បានពិភាក្សាគ្នាអំពីកញ្ចប់ទណ្ឌកម្មថ្មីនេះ អស់រយៈពេលជាងមួយខែមកហើយ។ វិធានការថ្មីរួមមានការហាមប្រាមលើការដឹកជញ្ជូនឆ្លងកាត់ឧស្ម័នធម្មជាតិ LNG របស់រុស្ស៊ី និងផែនការដើម្បីធ្វើឱ្យប្រតិបត្តិករសហភាពអឺរ៉ុប ជាអ្នកទទួលខុសត្រូវចំពោះការរំលោភទណ្ឌកម្មណាមួយដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ និងដៃគូនៅក្នុងប្រទេសទីបីរបស់ខ្លួន។

បើក្រុមអ្នកការទូត និងប្រភពដែលដឹងអំពីបញ្ហានេះ បានឱ្យដឹងថា ការស្ទាក់ស្ទើររបស់ប្រទេសអាឡឺម៉ង់ គឺដោយសារការខ្វែងគំនិតផ្ទៃក្នុងរវាងក្រសួងការបរទេសរបស់ខ្លួន និងការិយាល័យអធិការបតី។

ប្រយោគដែលត្រូវបានដកចេញ គឺជាការពង្រីកវិធានការនូវអ្វីដែលគេហៅថា «No Russia clause» ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសទីបី។ ចំណុចនេះនឹងតម្រូវឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ធ្វើកិច្ចសន្យាហាមឃាត់ការនាំចេញឡើងវិញទៅកាន់ប្រទេសរុស្ស៊ី និងការនាំចេញឡើងវិញសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី» ដែលជា សេចក្តីព្រាងនៃកំណែមុននៃកញ្ចប់ទណ្ឌកម្មត្រូវបានបង្ហាញ។

សហភាពអឺរ៉ុប បាននិងកំពុងបន្តបង្កើនការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ សម្រាប់ការលុកលុយលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន កំពុងត្រូវបានបំផ្លាញដោយការគេចទណ្ឌកម្មតាមរយៈប្រទេសទីបី។ ខណៈ ការដាក់បញ្ចូលប្រយោគនេះ នឹងធ្វើឱ្យវិធានការរឹតត្បិតរបស់ប្លុកកាន់តែមានប្រសិទ្ធភាព។ យ៉ាងណា ពួកគេបាននិយាយថា ឯកអគ្គរដ្ឋទូតនឹងបន្តការជជែកដេញដោលនៅថ្ងៃព្រហស្បតិ៍៕

ប្រភព៖ Swissinfo

Share.