ភ្នំពេញ៖ បុរសដែលមកលោតទឹកពីលើស្ពានបេឡេសម្លាប់ខ្លួនកាលពីព្រឹកទាបភ្លឺថ្ងៃទី១៩ រកសពឃើញហើយនៅមិនឆ្ងាយពីគល់ស្ពានឬស្សីកែវប្រមាណ ១០០ម៉ែត្រ នៅចំណុចក្បែរច្រាំង ជិតនឹងទីលានប្រជាធិបតេយ្យ កាលពីវេលាម៉ោង ១០ព្រឹកកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចច្រាំងទន្លេក្បែរទីលានប្រជាធិបតេយ្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ូវ គុន ហៅកាត់ MC Mario អាយុជាង ៣០ឆ្នាំ មុខរបរជា ពិធីករ ស្នាក់នៅម្ដុំសាលាន័រតុន មានស្រុកកំណើត ភូមិ ត្នោត ឃុំស៉ាងឃ្វាង ស្រុកកំចាយមា ខេត្តព្រៃវែង។

យោងតាមប្រភពពីសាច់ញាត្តិបានប្រាប់ឱ្យដឹងថា ជនរងគ្រោះជា MC Mario មានបងប្អូនប្រុស៣នាក់ សព្វថ្ងៃស្នាក់នៅជាមួយបងប្អូនជីមួយម្ដុំសាលាន័រតុន ហើយជនរងគ្រោះមិនដែលត្អូញត្អែរថាមានទុក្ខលំបាកអ្វីនោះទេ ប្រសិនជាមានបញ្ហា ក៏មានតែបំណុលដែរ ដែលក្រុមគ្រួសារគ្រប់គ្នាកំពុងរកប្រាក់ដោះស្រាយ នឹងបូកបញ្ចូលគ្នាសងគេតែប៉ុណ្ណោះ ដូចជាគ្មានបញ្ហាអ្វីក្រៅនេះនោះទេ លុះដល់វេលាទាបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ MC Mario ក៏បានឆាតទៅបងប្អូន ប្រាប់ថា ជួយមើលម៉ែផងគាត់ទៅហើយ ព្រោះទៅមុខលែងរួច ។ ជនរងគ្រោះក៏ឆាត ប៉ុន្មានម៉ាត់ចុងក្រោយថា ចាំមកជួយយកសពគាត់នៅក្បែរស្ពានឬស្សីកែវផង។

លុះមកដល់ព្រឹកវេលាម៉ោង ១០ ថ្ងៃទី២០ មិថុនា នេះ ក្រុមគ្រួសារសាច់ញាត្តិ ក៏បានមកដល់ទីតាំងកើតហេតុ នឹងបានទាក់ទងទៅក្រុមរុករក នឹងសង្គ្រោះ ៩១១ ដើម្បីមកជួយស្វែងរកសាកសព ខណៈពេលដែលក្រុមសង្គ្រោះ ៩១១ កំពុងចេញទូកទៅរក ដោយសើបសួរបងប្អូនខ្មែរ ឥស្លាម ដែលប្រកបរបរនេសាទ ក៏បានប្រាប់ថាពួកគាត់បានឃើញសពរងគ្រោះអណ្តែតនៅក្បែរច្រាំង ជិតទីលានប្រជាធិបតេយ្យ ទើបកម្លាំង ៩១១ ក៏បានចេញទូកមកយកស្រង់សពឡើងមកលើគោកតែម្តង។

ក្រោយមកសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្ត បានមកដល់ទីតាំងពិនិត្យសាកសពរួចបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។ ក្រោយពិនិត្យចប់សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យប្រពៃណីនៅស្រុកកំណើត។

គួរបញ្ជាក់ផងដែរថាមុនពេលកើតហេតុនៅវេលាម៉ោង ០៥ទាបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ គេឃើញបុរសរងគ្រោះ ដើរថ្មើរជើងលើស្ពាន នឹងចុចទូរស័ព្ទរហូត ដល់ពាក់កណ្តាលស្ពានខ្សែកាបឬស្សីកែវ បុរសរងគ្រោះបានទុកទូរស័ព្ទរួច ហក់ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមចូលក្នុងទន្លេលិចបាត់តែម្តង៕

អត្ថបទ៖ សេង​ សាវី

Share.