ស្ទឹងត្រែង ៖ ស្ត្រីម្នាក់មានជម្ងឺ សតិមិនប្រក្រតី រវើរវាយ ហើយត្រូវបានប្តីនាំយកទៅផ្ទះគ្រូខ្មែរឥស្លាម ស្រាប់តែលួចរត់ចេញ ជិះតាក់សុីទៅសុំចុះនៅលើស្ពានសេកុង ហើយលោតហក់ចុះ លង់លិចបាត់ខ្លួនក្នុងទឹកទន្លេ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ស្ត្រីលោតទឹកសម្លាប់ខ្លួនមាន ឈ្មោះ ថន ទ្រព្យ អាយុ៤៥ឆ្នាំ រស់នៅភូមិវ៉ៃថ្ម ឃុំស្រែសំបូរ ស្រុកសៀមប៉ាង មានប្តីឈ្មោះ យ៉េ អៀត អាយុ៥៥ឆ្នាំ រស់នៅជាមួយគ្នា។

តាមប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះមានជម្ងឺ សតិមិនប្រក្រតី រវើរវាយ ខុសពីធម្មតា ហើយត្រូវបានប្តី នាំយកទៅមើលនៅផ្ទះគ្រូខ្មែរឥស្លាម នៅក្នុងស្រុកសៀមប៉ាង អស់រយៈពេល១០ថ្ងៃមកហើយ ស្រាប់តែនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ប្តីរវល់តែទៅផ្ទះ ដើម្បីទៅរកលុយ ទុកគ្រាន់មើលប្រពន្ធ ដោយទុកប្រពន្ធនៅផ្ទះគ្រូ ស្រាប់តែលួចរត់គេចចេញ ឡើងជិះតាក់សុី ទៅសុំចុះលើស្ពានសេងកុង ហើយហក់លោតចុះទឹកតែម្តង បង្កឱ្យភ្ញាក់ផ្អើល បន្សល់ទុក ស្បែកជើង ទូរស័ព្ទ មួក នៅលើស្ពាន។ ក្រោយកើតហេតុ ក្រុមគ្រួសារ សមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ ចេញទូកដើម្បីស្វែងរកសពជនរងគ្រោះ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.