ហាណូយ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកចង់កសាង «ក្របខណ្ឌសន្តិសុខដែលអាចទុកចិត្តបាន» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែលជាផ្នែកនៃដំណើរទៅកាន់តំបន់អាស៊ី ដែលត្រូវបានគេមើលឃើញថា ជាការបង្ហាញពីការប្រឆាំងទៅនឹងលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤។

មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ការការពារគ្នាទៅវិញទៅមក ជាមួយកូរ៉េខាងជើង លោក ពូទីន បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ នៅឯពិធីយោធាមួយក្នុងប្រទេសវៀតណាម។ ទោះបីជាមានការរិះគន់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប្រឆាំងនឹងការទទួលស្វាគមន៍លោក ពូទីន ជុំវិញសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ។

ទន្ទឹមនោះលោក​ប្រធានាធិបតី​វៀត​ណាម ​បាន​និយាយ​ថា លោក​ ពូទីន​ បាន​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​ពិភពលោក។

រុស្ស៊ី និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើបញ្ហាផ្សេងៗ រួមទាំងថាមពល ដោយគូសបញ្ជាក់ពីចំណុចស្នូលយុទ្ធសាស្រ្តរបស់ទីក្រុងម៉ូស្គូ នៅអាស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្ម លើទីក្រុងម៉ូស្គូ ជុំវិញជម្លោះនៅអ៊ុយក្រែន។

លោក ពូទីន ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TASS របស់រុស្ស៊ី ថា «យើងប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ដែលនៅតែស្ថិតក្នុងចំណោមអាទិភាពនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី»។

លោក ពូទីន និយាយថា ប្រទេសទាំង២ បានចែករំលែកចំណាប់អារម្មណ៍ក្នុង «ការអភិវឌ្ឍរចនាសម្ព័ន្ធសន្តិសុខដែលអាចទុកចិត្តបាន» នៅក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី និងជៀសវាងបង្កើតប្លុកនយោបាយបិទជិត។

សារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍ថា នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីបញ្ចប់ដំណើរ ទស្សនកិច្ចរបស់លោក លោក ពូទីន បានចោទប្រកាន់សម្ព័ន្ធមិត្តយោធា NATO ថាបានបង្កើតការគំរាមកំហែងសន្តិសុខសម្រាប់ប្រទេសរុស្ស៊ី នៅអាស៊ី។

ទោះបីជាកិច្ចព្រមព្រៀងនៅវៀតណាមមិនសំខាន់ ដូចកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងក៏ដោយ ប៉ុន្តែការទទួលស្វាគមន៍របស់ លោក ពូទីន នៅទីក្រុងហាណូយត្រូវបានគេមើលឃើញថាជា «ជោគជ័យផ្នែកការទូតដ៏ធំមួយ» នៅចំពោះមុខនឹងការខិតខំប្រឹងប្រែងរបស់លោកខាងលិចដើម្បីធ្វើឱ្យរុស្ស៉ីឯកោ។

យ៉ាងណាក៏ដោយ សហភាពអឺរ៉ុប បាននិងកំពុងបន្តបង្កើនការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ សម្រាប់ការលុកលុយលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន កំពុងត្រូវបានបំផ្លាញដោយការគេចទណ្ឌកម្មតាមរយៈប្រទេសទីបី៕

ប្រភព៖ CNA

Share.