វ៉ាស៊ីនតោន៖ យោធាអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ នេះថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ក្រុម Houthi ចំនួន៤គ្រឿង និងយន្តហោះ ២គ្រឿងទៀតនៅលើសមុទ្រក្រហម ពីប្រទេសយេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ​ ទី២១ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមឧទ្ទាម Houthis គាំទ្រដោយអ៊ីរ៉ង់ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើនគ្រាប់ ទៅលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកា ដោយពណ៌នាអំពីការវាយប្រហារថាជាការជួយដល់ប៉ាឡេស្ទីន ក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសចក្រភពអង់គ្លេស បានឆ្លើយតបជាមួយនឹងការកើនឡើងនៃវត្តមានកងទ័ពជើងទឹក ដើម្បីការពារការដឹកជញ្ជូននៅក្នុងផ្លូវទឹកដ៏សំខាន់ និងជាមួយនឹងការវាយប្រហារសងសឹកទៅលើគោលដៅរបស់ក្រុម Houthi ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ថា កងកម្លាំងរបស់ខ្លួនបាន «បំផ្លាញយន្ដហោះគ្មានមនុស្សបើកនៅលើផ្ទៃទឹកដែលគាំទ្រដោយក្រុមឧទ្ទាម Houthi (USV) ចំនួន ៤គ្រឿង នៅសមុទ្រក្រហម និងយន្ដហោះគ្មានមនុស្សបើក (UAS) ចំនួន ២គ្រឿងទៀតនៅលើសមុទ្រក្រហម ក្នុងរយៈពេល ២៤ម៉ោងកន្លងមក»។

យោងតាមទីភ្នាក់ងារសន្តិសុខដែនសមុទ្រដែលគ្រប់គ្រងដោយកងទ័ពជើងទឹកអង់គ្លេស បានឱ្យដឹងថា នៅសប្តាហ៍នេះ កប៉ាល់ពាណិជ្ជករមួយគ្រឿងដែលត្រូវបានរំលោភបំពាននៅក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាម Houthi មុននេះ។ នាវា M/V Tutor ត្រូវបានគេជឿថា បានលិចនៅក្នុងសមុទ្រក្រហម បន្ទាប់ពីនាវិករបស់ខ្លួនត្រូវបានជម្លៀស។

ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានថ្កោលទោសការវាយប្រហារទាំងនោះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តចាត់វិធានការចាំបាច់ ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងការដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវទឹក។

ជាមួយគ្នា លោក Miller ក៏បានអំពាវនាវឱ្យក្រុម Houthis «ដោះលែងអ្នកជាប់ឃុំទាំងអស់ រួមមានទាំងបុគ្គលិកអង្គការសហប្រជាជាតិ អ្នកការទូត និងអង្គការមិនមែនរដ្ឋាភិបាល ដែលពួកគេបានឃុំខ្លួនកាលពីដើមខែនេះផងដែរ»។

ក្រុម Houthis កាលពីដើមខែនេះ បានចាប់ខ្លួនមនុស្សមួយចំនួន ដែលពួកគេអះអាងថា ជាផ្នែកនៃបណ្តាញចារកម្ម អាមេរិក-អ៊ីស្រាអែល ដោយបន្ថែមថា អ្នកដែលត្រូវបានចាប់ខ្លួននោះ ធ្វើការនៅក្រោម «ការបិទបាំងរបស់អង្គការអន្តរជាតិ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ»។

ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិចំនួន៣ បានប្រកាសជាបន្តបន្ទាប់ នូវការអំពាវនាវរួមគ្នាមួយឱ្យមានការដោះលែងបុគ្គលិករបស់ពួកគេ ដោយប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk បានច្រានចោលការចោទប្រកាន់ចារកម្មនេះថា «គួរឱ្យស្អប់ខ្ពើម»។

សូមជម្រាបថា ក្រុមឧទ្ទាម Houthis កំពុងចូលរួមក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ ជាងពាក់កណ្តាលនៃចំនួនប្រជាជន គឺពឹងផ្អែកលើជំនួយនៅក្នុងប្រទេសក្រីក្របំផុតរបស់ឧបទ្វីបអារ៉ាប់មួយនេះ៕

ប្រភព៖ CNA

Share.