កណ្តាល៖ ឃាត់ខ្លួនយុវជនម្នាក់ ក្រោយ ខឹងឪពុករឿងប្រើទៅទិញស្រាមិនបាន កើតជាកំហឹង វាយបំផ្លាញសម្ភារៈក្នុងផ្ទះ ខ្ទេច រួចស្ទុះទៅវាយឪពុកបែកមាត់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៥៧នាទី នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ វៃ វិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាកូនបង្កើត មានសារធាតុញៀននូវក្នុងទឹកនោម។ព្រមទាំងដកហូតវត្ថុតាងពូថៅ ០១ដើម ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនប្រចាំ ហើយតែងតែគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះជាញឹកញាប់ ហើយធ្លាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល ធ្លាប់ធ្វើកិច្ចសន្យាអប់រំចំនួន០២លើករួចមកហើយ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៣:១៥នាទី ជនសង្ស័យបានដើរទៅទិញស្រាថ្នាំយកមកផឹកនៅផ្ទះ អស់ចំនួនកន្លះលីត្រតែម្នាក់ឯង។


លុះដល់ម៉ោង ១៤:៥៧នាទី ថ្ងៃ ទី ខែ ឆ្នាំដដែល ជនសង្ស័យក៏បានដើរទៅសុំលុយម្តាយនៅកំពុងលក់ដូរ នៅក្នុងផ្សារកោះខែលចំនួន ១,៥០០រៀល ពេលបានលុយរួចហើយ ជនសង្ស័យក៏បានដើរត្រឡប់មកផ្ទះវិញ រួចហើយជនសង្ស័យបានប្រើជនរងគ្រោះជាឪពុក ទៅទិញស្រាឱ្យខ្លួនផឹក តែជនរងគ្រោះជាឪពុកមិនបានទៅទិញស្រាឱ្យជនសង្ស័យទេ ខណៈពេលនោះជនសង្ស័យបានខឹងជនរងគ្រោះជាឪពុក បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នងផ្ទះបណ្តាលឱ្យខូចខាតអស់មួយចំនួន ហើយជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះមួយដៃត្រូវចំមាត់បណ្តាលឱ្យបែកមាត់ចេញឈាម។

ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍កោះខែល បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.