អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស ១៥នាក់ និងអាចារ្យម្នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងកាលពីថ្ងៃអាទិត្យ នៅក្នុងអ្វីដែលហាក់ដូចជាការវាយប្រហារភេរវកម្មលើកន្លែងគោរពបូជាជាច្រើនទីតាំង នៅក្នុងសាធារណរដ្ឋ Dagestan ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

លោក Sergey Melikov ប្រមុខនៃសាធារណរដ្ឋ Dagestan បាននិយាយថា យ៉ាងហោចណាស់ «ពួកសកម្មប្រយុទ្ធ» ចំនួន ៦នាក់ក៏ត្រូវបានសម្លាប់ផងដែរ បន្ទាប់ពីការវាយប្រហារលើព្រះវិហារសាសនាគ្រិស្ដ សាលាប្រជុំ និងប៉ុស្តិ៍ប៉ូលីសនៅក្នុងទីក្រុង Derbent និងរដ្ឋធានីក្នុងតំបន់ Makhachkala ខណៈប៉ូលីសកំពុងតាមរកអ្នកផ្សេងទៀត។

នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា នេះ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ និង ២៥នាក់រងរបួសនៅក្នុងការវាយប្រហារនេះ។

បច្ចុប្បន្ន មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ បន្ទាប់ពីសម្ព័ន្ធ ISIS ISIS-K បានអះអាងពីការវាយលុកនៅសាលាក្រុង Crocus ក្នុងទីក្រុងមូស្គូ ដែលបានឆក់យកជីវិតមនុស្សជាង ១៤០នាក់ នៅក្នុងអំពើដ៏សាហាវឃោរឃៅបំផុតមួយរបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនឆ្នាំ។

យ៉ាងណាម៉ិញ ទោះបីជាហេតុផលនៅពីក្រោយការបាញ់ប្រហារនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ ប៉ុន្ដែគេដឹងថា សាធារណរដ្ឋ Dagestan នេះ ធ្លាប់មានប្រវត្តិនៃការវាយប្រហាររបស់ក្រុមអ្នកកាន់សាសនាឥស្លាម ហើយភ្លាមៗ អាជ្ញាធររុស្ស៊ី ក៏មិនទាន់ផ្ដល់ព័ត៌មានលម្អិតឱ្យជាក់លាក់ជាងនេះដែរ ដោយរង់ចាំការស៊ើបអង្កេតជាបន្ដសិន។

សូមជម្រាបថា Dagestan គឺជាតំបន់ក្រីក្របំផុតមួយនៃប្រទេសរុស្ស៊ី ហើយសម្បូរជនមូស្លីមរស់នៅណាស់។ នៅចន្លោះឆ្នាំ២០០៧ដល់២០១៧ អង្គការជីហាដឈ្មោះ Caucasus Emirate និង Islamic Emirate of the Caucasus បានបើកការវាយប្រហារនៅទីនេះ ក៏ដូចជាសាធារណរដ្ឋ Chechnya, Ingushetia និង Kabardino-Balkaria ដែលស្ថិតនៅជិតៗនោះផងដែរ៕

ប្រភព៖ CNN

Share.