កំពង់ធំ៖ នៅព្រឹកថ្ងៃចុងសប្តាវ៏នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយមន្ត្រីស្ថាប័នជំនាញបរិស្ថាន ទៅពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ ពីសំណាក់ក្រុមជនល្មើសមួយចំនួននៅក្នុងភូមិសាស្ត្រតំបន់ជម្រកស្វព្រៃបឹងពែរ ក្នុងព្រៃសហគមន៍ធម្មជាតិអូបញ្ញា នៅចំណុចអូរឡា ដែលរងការកាប់ទន្ទ្រាន ពីក្រុមជនល្មើស និងបានប្រគល់អំណោយរបស់សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

លោក អូ វិចអុល អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រចាំការនៅតំបន់ព្រៃជម្រកសត្វបឹងពែរ បានបញ្ជាក់ថា តំបន់ដែលមានកាប់បំផ្លាញនេះហៅថាតំបន់អូរឡា ស្ថិតក្នុងព្រៃសហគមន៍ធម្មជាតិអូរបញ្ញា បឹងពែរ នេះដែលមានផ្ទៃដីប្រមាណជាង៥ហិកតា ជាផ្ទៃដីដែលបានកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំខ្មែរ ខណះដែលកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមិនទាន់មកបំពេញបេសកកម្ម។

លោកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់នូវធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិពីសំណាក់ជនល្មើសមួយក្រុមតូចនិងបានបញ្ជាដាច់ខាត.ដល់មន្ត្រីជំនាញ  ដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឲ្យបាននូវផ្ទៃដី ដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ទាំងនេះយកមកថែរក្សាទុកសម្ប្បត្តិរដ្ឋ នឹងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

លោកឧត្តមសេនីយ៍ទោ បានកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេល​កន្លង​ទៅ​ទទួលបានលទ្ធផលជោគជ័យ។
ជាមួយគ្នានេះ.លោកបានប្រគល់ស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធនៈ ភេសជ្ជៈ  ថ្នាំពេទ្យ អាវភ្លៀង តង់កៅស៊ូ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូនដល់កងកម្លាំងចម្រុះ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នងពេលបំពេញបេសកកម្ម ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕


អត្ថបទ៖កំពង់ធំ

Share.