សេអ៊ូល៖ អាជ្ញាធរបាននិយាយថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះរោងចក្រផលិតអាគុយរបស់កូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ដោយក្នុងនោះមានមនុស្សម្នាក់បានស្លាប់ និង២១នាក់ផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈភ្លើងបានបន្តឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយ​សារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

រោងចក្រ​ផលិតអាគុយ​ lithium ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Aricell ដែល​ជា​ក្រុមហ៊ុន​ផលិតអាគុយរបស់​កូរ៉េ​ខាង​ត្បូង វាមានទីតាំងនៅទីក្រុង Hwaseong ភាគខាងត្បូងទីក្រុងសេអ៊ូល។

ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោក Yoon Suk Yeol បានចេញសេចក្តីណែនាំបន្ទាន់ដល់អាជ្ញាធរ ដោយប្រាប់ពួកគេឱ្យ «ប្រមូលក្រុមអ្នកជួយសង្រ្គោះ និងឧបករណ៍ដែលមានទាំងអស់ ដើម្បីផ្តោតលើការស្វែងរក និងជួយសង្គ្រោះមនុស្សនៅខាងក្នុងរោងចក្រ»។ លោកប្រធានាធិបតី ក៏បានព្រមានអាជ្ញាធរថា «ពួកគេគួរតែធានាសុវត្ថិភាពរបស់អ្នកពន្លត់អគ្គីភ័យ ផងដែរ»។

ទាក់ទិននឹងបញ្ហានេះ ការ​ខិតខំ​ប្រឹងប្រែង​ពន្លត់​អគ្គិភ័យ និង​ជួយសង្គ្រោះ​កំពុង​បន្ត ហើយ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

សូមជម្របថា កូរ៉េខាងត្បូង​ជា​ប្រទេស​ផលិតអាគុយដ៏ធំ​មួយ រួម​ទាំងផលិត​ឧបករណ៍​ប្រើ​ក្នុង​រថយន្ត​អគ្គិសនី​ផង​ដែរ។ ជាក់ស្ដែងក្រុមហ៊ុនផលិតអាគុយខាងលើ ក៏បានផ្គត់ផ្គង់ការផលិតឱ្យក្រុមហ៊ុនផលិត EV នៅជុំវិញពិភពលោក រួមទាំងក្រុមហ៊ុន Tesla ផងដែរ៕

ប្រភព៖ CNA

Share.