ត្បូងឃ្មុំ៖ កសិករជិត២០០គ្រួសារ ភូមិពន្លា ភូមិគោកចារ និងសហគមន៍គោកស្រុក នៃស្រុកតំបែរ បានដាំស្លឹកខ្ទឹមលក់លើផ្ទៃដីជាង១០០ហិកតា ដោយផលិតលក់ទៅកាន់ទីផ្សារ ក្នុង១ថ្ងៃមិនក្រោម៣តោននោះទេ ។ ខ្ទឹមជារុក្ខជាតិមួយប្រភេទ ដែលមានក្លិនឈ្ងុយ ប្រជាពលរដ្ឋខ្មែរយើង និយមចូលចិត្តយកមកធ្វើជាគ្រឿងទេស ដាក់ទៅលើមុខម្ហូប សម្រាប់កាត់ចង្អាប ។ ឆ្នាំ២០២៤នេះ កសិករដាំខ្ទឹមស្លឹកសប្បាយរីករាយក្នុងការប្រមូលផលណាស់ ព្រោះខ្ទឹមមានទីផ្សារល្អ ស្រួលលក់ ១គីឡូតម្លៃ៥០០០រៀល ខណ:ឆ្នាំទៅលក់បានតែ១០០០រៀលតែប៉ុណ្ណោះ ។ 

លោកស្រី ឯក លុយ ជាកសិករដាំខ្ទឹមស្លឹកលក់ នៅក្នុងភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ ថា ប្រជាពលរដ្ឋយើងបានប្រកបរបរដាំខ្ទឹមស្លឹកនេះ ព្រោះខ្ទឹមជាដំណាំងាយស្រួលដាំ ឆាប់បានផល ដាំតែរយ:ពេលតែ៤៥ថ្ងៃ កសិករចាប់ប្រមូលផលហើយ នៅលើទំហំដីកន្លះហិកតាអាចប្រខ្ទឹមបានពី៥ទៅ៦តោន ។  លោកស្រី លុយ បានបន្តឲ្យដឹងទៀតថា ចំពោះទីផ្សារខ្ទឹមស្លឹកងាយលក់ ឲ្យតែដល់ពេលប្រមូលផល មានថៅកែគេចុះមកប្រមូលទិញដល់ចំការតែម្តង ។

កសិករយើងដកច្រកថង់ថ្លឹង១ថង់ទំងន់ ៥គីឡូក្រាម តម្លៃ ៥០០០រៀល ខណ:ឆ្នាំទៅលក់បានតម្លែតែ ១ពាន់រៀលទេ ។ ម៉ូយគេដឹកយកទៅលក់នៅផ្សារសួង ផ្សារកំពង់ចាម និង រាជធានីភ្នំពេញ ។ ដំណាំខ្ទឹមស្លឹករបស់គាត់ឆ្នាំនេះ អំណោយផលល្អដូចឆ្នាំកន្លងទៅដែរ ។ ខ្ទឹមងាយដាំវាធននឹងអាកាសធាតុ មិនមានជំងឺ ឬ មានដង្កូវស៉ីនោះទេ តែខ្ទឹមមិនត្រូវការជាំទឹកដែរ ដើម្បីឲ្យខ្ទឹមល្អកសិករត្រូវប្រើជី កំប៉ុស្តិ៍ ជីលាមកគោ និងជីអាចម៍មាន់ ។ កសិករអាចដាំបាន៦ដង ឯណោះក្នុង១ឆ្នាំ គឺដាំលក្ខណៈវិលជុំតែម្តង ផលខ្ទឹមធ្វើឲ្យកសិករមានជីវភាពគ្រួសារធូរធាប្រសើរគួរឲ្យមា មោទនៈភាពយ៉ាងក្រៃលែង ៕

អត្ថបទ៖ អាចារ្យលាក់

Share.