សីតុណ្ហភាពកើនឡើងខ្លាំងបានធ្វើឱ្យមនុស្សជាង ៥០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ទទួលរងនូវរលកកំដៅខ្លាំង ខណៈទឹកជំនន់បានជំរុញឱ្យមានប្រតិបត្តិការជួយសង្គ្រោះ និងការជម្លៀសចេញទូទាំងតំបន់ Midwest។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

មន្រ្តីក្នុងតំបន់រងគ្រោះ បាននិយាយកាលពីថ្ងៃចន្ទ ថា មនុស្សប្រហែល ៥៧.៤លាននាក់នៅទូទាំងប្រទេស ស្ថិតនៅក្រោមរលកកំដៅខ្លាំង ដោយរលកកំដៅបានវាយលុកសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មា​នសប្ដាហ៍នេះ ចាប់តាំងពីតំបន់ពាក់កណ្ដាលអាត្លង់ទិក រហូតដល់រដ្ឋ Maine និងទូទាំងភាគខាងលិចរហូតដល់រដ្ឋកាលីហ្វ័រញ៉ា ខណៈសីតុណ្ហភាពនៅរដ្ឋអូក្លាហូម៉ា ឡើងដល់ ៤១អង្សាសេកាលពីថ្ងៃអាទិត្យ។

សេវាអាកាសធាតុជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយថា «ការឡើងកំដៅកាន់តែខ្លាំង នៅដើមរដូវក្ដៅនេះ នាំឱ្យកម្រិតនៃភាពតានតឹងទាក់ទងនឹងកំដៅ កើនឡើងដូចគ្នា ជាពិសេសអ្នកធ្វើការនៅខាងក្រៅក្រោមកំដៅថ្ងៃ»។

អភិបាលរដ្ឋ South Dakota ដែលស្ថិតនៅតំបន់ភាគខាងលិច បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ កាលពីចុងសប្តាហ៍នេះ។ ខណៈអភិបាលរដ្ឋ Iowa ដែលនៅជិតខាងគ្នានោះ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យ ថា មនុស្សជាង ១,០០០នាក់ត្រូវបានផ្លាស់ទីលំនៅទៅកាន់កន្លែងសុវត្ថិភាព។

មិនត្រឹមតែប៉ុណ្ណោះតំបន់រងគ្រោះ កំពុងតែគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ ដោយអាជីកម្ម មន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំ ផ្សេងៗ ត្រូវបានផ្អាកដំណើរការ និងជម្លៀសខ្លួន។

នៅចុងសប្តាហ៍នេះ មន្ត្រីនៅក្នុងទីក្រុងនានា រួមទាំងទីក្រុង Philadelphia បានព្រមានថា សន្ទស្សន៍កំដៅអាចឡើងដល់លើសពី ៤១អង្សាសេ ដែលធ្វើឲ្យអ្នកស្រុកប្រឈមមុខនឹងជំងឺទាក់ទងនឹងកំដៅ ដូចជា ការដាច់សរសៃឈាមខួរក្បាល ជាដើម។

បើតាមការស្រាវជ្រាវបានបង្ហាញថា រលកកំដៅនឹងក្លាយជាផលប៉ះពាល់ដ៏គ្រោះថ្នាក់បំផុត នៃការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ ហើយមនុស្សរាប់រយនាក់ បានស្លាប់ដោយសារការកើនឡើងកំដៅខ្លាំងនៅទូទាំងអាស៊ី និងអឺរ៉ុបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

សូមជម្រាបថា សីតុណ្ហភាពកើនឡើងខ្លាំង និងការជន់លិចដោយទឹកជំនន់ បញ្ជាក់ពីហានិភ័យ នៃអាកាសធាតុធ្ងន់ធ្ងរ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ កត្តានេះនឹងធ្វើឱ្យកាន់តែមានភាពញឹកញាប់ និងធ្ងន់ធ្ងរជាងមុន៕

ប្រភព៖ Aljazeera

Share.