បាត់ដំបង÷ នគរបាលស្រាវជ្រាវឃាត់មុខសញ្ញាគាស់ផ្ទះលួចយកសម្ភារ:ជាង និងសម្ភារ:ការិយាល័យជាច្រើនក្នុងក្រុងបាត់ដំបង បញ្ជូនទៅតុលាការអនុវត្តទោស។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីភាគីជនរងគ្រោះឈ្មោះហៀង​ ម៉េង លី ភេទប្រុស អាយុ ៣២ឆ្នាំ ដែលមានទីលំនៅត្រង់ទីតាំងកើតហេតុក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជុំវិញករណីលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) កាលពីថ្មីៗកន្លងមក ផ្នែកជំនាញព្រហ្មទណ្ឌ័នគរបាលក្រុង បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុក រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤នេះ។

ជនសង្ស័យមានឈ្មោះធី​ សុថេន ភេទប្រុស​ អាយុ ២៨ឆ្នាំ​ រស់នៅផ្ទះជួល​ ក្នុងភូមិ សង្កាត់ជាមួយគ្នា។ ក្រោយការសាកសួរជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានយកទុលឡាវីសមួលវីសជញ្ជាំងផ្ទះរបស់ជនរងគ្រោះហើយចូលទៅលួចយកសម្ភារៈទាំងអស់ពិតប្រាកដមែន​។

សម្ភារៈដែលបាត់ និងដកហូតបានរួមមាន: ឡេបថប ០១គ្រឿង​, កាំមេរ៉ា​ម៉ាកកានុង​ ០១គ្រឿង, ម៉ូ នីទ័រកុំព្យូទ័រ​ ០១គ្រឿង, ប៉ុសផ្សា ០១គ្រឿង, អឹមភ្លី ០១គ្រាប់, ម៉ាស៊ីនស្វានចំនួន ០២គ្រឿង, ម៉ាស៊ីនកាត់ដែក ០១គ្រឿង  រួមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត​។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.