កំពង់ចាម÷ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវ  និងដំឡូងមី របស់បងប្អូនប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវ ចំណុចភូមិទួលតាប៉ែន ឃុំតាអុង និងភូមិជយោត្បូង ស្រុកចំការលើ ។ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ។

កិច្ចសហការពិនិត្យឃើញថា ស្រែស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម អ៊ុង សំអាត តំណាងក្រសួងកសិកម្ម បានចាត់ឲ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវឲ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។

ខេត្ត និងក្រសួង ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើលតំបន់ផ្សេងៗ ក្រែងមានករណីនេះកើតឡើងដូចគ្នា ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា ។

លោក សឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទបានបញ្ជាក់ឲ្យដឹងថា ក្រុមការងារមន្ទីរបានណែនាំវិធានការទប់ស្កាត់និងកំចាត់ដង្កូវហ្វូង ព្រមទាំងការបាញ់ថ្នាំបង្ហាញ ដើម្បីឲ្យមានសុវត្ថិភាព នៅខេត្តកំពង់ចាម ដំណាំដែលរងផលប៉ះពាល់ដោសារដង្កូវហ្វូង ក្នុងនោះ
.ដំណាំស្រូវចំនួន ១១៨ហត( ឃុំស្ពឺ ឃុំជយោ ឃុំតាអុង) ស្រុកចំការលើដំណាំដំឡូងមី ចំនួន៥៩ហត ឃុំអូរស្វាយ ស្រុកកំពង់សៀម បច្ចុប្បន្នស្ថានភាពដង្កូវហ្វូងមានការថយចុះជាបន្តបន្ទាប់ ។ មន្ទីរ បានធ្វើការណែនាំវិធានការគ្រប់គ្រង និងកំចាត់ដង្កូវហ្វូងបង្កើត
វិធានការការពារ ដាក់អន្ទាត់ទឹកទាក់មេអំបៅ(យកស្លឹកដំឡូងមី បុកពូតយកទឹកលាយជាមួយស្ករត្នោត ដាក់ដបទឹកសុទ្ធ) ដាក់តាមកំពោតព្រៃតាមព្រំចម្ការ ។ ប្រើទឹកលាយនឹងសាប៊ូ ពេលយប់យកទឹកលាយជាមួយសាប៊ូដាក់ចានដែករួចយកភ្លើងពិលបញ្ចាំងឲ្យចំទឹកលាយនោះ ដើម្បីទាក់មេអំបៅ។ យើងមានវិធានការកម្ចាត់ដង្កូវហ្វូងដោយប្រើប្រាស់រុក្ខជាតិខ្ចីៗ ស្លឹកចេក កប្លោកក្រៀម មកដាក់ក្នុងចម្ការដំឡូងមីចន្លោះរងដំឡូងមីចម្ងាយ០៤ម៉ែត្រទៅ០៥ម៉ែត្រ ករណីមេឃស្រឡះ ដាក់ពីម៉ោង ៧ទៅ៨ព្រឹក រហូតដល់ម៉ោង៣ ទៅ៤ល្ងាច ប្រមូលវាកម្ទេចចោល ។


ពិសេសទៀត ការប្រើប្រាស់វិធានការណ៍គីមីជាជំរើសចុងក្រោយៈ មន្ត្រីជំនាញបានណែនាំកសិករប្រើប្រាស់ ថ្នាំធាតុ សកម្ម Carbaril=១លីត្រលាយទឹក៣០០លីត្រ. ទៅ៤០០លីត្រ
និងប្រើប្រាស់វិធានការណ៍គីមីៈ ថ្នាំធាតុសកម្ម eltamecthrin =១លីត្រ/ ទឹក៣០០លីត្រ ទៅ៤០០លីត្រ ៕
អត្ថបទ÷ អាចារ្យលាក់

Share.