សេអ៊ូល៖ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ឆ្ពោះទៅកាន់សមុទ្រ នាថ្ងៃពុធ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានឃើញការបាញ់បង្ហោះនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ ដោយនិយាយថា ​​ការវិភាគកំពុងដំណើរការ។

ទាក់ទិននឹងបញ្ហានេះ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោង។ ការិយាល័យ លោក Fumio Kishida បន្ដថា មីស៊ីល ដែលបាញ់ចូលសមុទ្រខាងកើតរបស់ជប៉ុន ប៉ុន្ដែមីស៊ីលនេះ មិនត្រូវបានរំពឹងថា នឹងទៅដល់ប្រទេសជប៉ុនឡើយ។

ការបាញ់បង្ហោះនេះកើតឡើងចំពេលមានភាពតានតឹងនៅតំបន់ព្រំដែន ខណៈរដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះ បាននឹងកំពុងបញ្ជូនប៉េងប៉ោងដឹកសំរាមចូលទៅក្នុងកូរ៉េខាងត្បូង ដើម្បីជាការសងសឹកវិញនោះ។

ការបាញ់បង្ហោះមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង មុនការបាញ់បង្ហោះលើកនេះបានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា នៅពេលដែលទីក្រុងសេអ៊ូល បានចោទប្រកាន់ទីក្រុងព្យុងយ៉ាង ថា បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល ១០គ្រាប់។ មួយថ្ងៃក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយរូបភាពមេដឹកនាំ គីម ជុងអ៊ុន ត្រួតពិនិត្យការសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើន។

យ៉ាងណាម៉ិញ ក្រុមអ្នកវិភាគបានលើកឡើងថា កូរ៉េខាងជើង អាចធ្វើការសាកល្បង និងបង្កើនការផលិតកាំភ្លើងធំ មុនពេលបញ្ជូនទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្រ្គាម នៅអ៊ុយក្រែន៕

ប្រភព៖ CNA

Share.