ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Priusមួយគ្រឿង ក្នុងល្បឿនលឿនស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ជ្រុលទៅបុកផ្ទប់ក្បាលនាគទ្រូងផ្លូវ បណ្តាលឱ្យប៉ើងខ្ទាតក្បាលនាគមួយកង់ ខណៈរថយន្តរងខូចខាតខ្ទេចមួយកំណាត់មុខ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-5717 បើកពីលិចទៅកើត ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង លុះដល់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុកក្បាលនាគទ្រូងផ្លូវ ប៉ើងខ្ទាតមួយកង់ រងខូចខាតរថយន្ត ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួច ស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការក្រុងភ្នំពេញ រង់ចាំដំណោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.