ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមកពីរកត្រី លឿនជ្រុលទៅបុករុឺម៉កម៉ូតូ លក់ទ្រូ បង្គី ល្អី កំពុងឈប់ចតលើចិញ្ចើមផ្លូវ ខ្ទាតធ្លាក់ចូលក្នុងស្រែ រងរបួសធ្ងន់ម្នាក់ធ្លាយពោះវៀន កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១៣ ភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ មានរុឺម៉កម៉ូតូ ដឹកទ្រូ បង្គី ល្អី កញ្ច្រែងដើរលក់ ទៅឈប់ចតចិញ្ចើមផ្លូវ ម្ចាស់រវល់តែយកទ្រូ និងកញ្ច្រែង ឱ្យពលរដ្ឋ អ្នកភូមិមើល ព្រោះរកទិញ ស្រាប់តែជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AD- 6638 ធ្វើដំណើរពីត្បូងទៅជើង ល្បឿនលឿន ទើបមកពីរកត្រី ជ្រុលបុកពីក្រោយរុឺម៉កម៉ូតូ ខ្ទាតរុឺម៉កធ្លាក់ចូលវាលស្រែ អ្នកជិះម៉ូតូរងរបួសធ្ងន់ ធ្លាយពោះវៀន ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង ២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.