មូស្គូ៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ខ្លួនកំពុងហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយចំនួន ៨១អង្គភាពរបស់សហភាពអឺរ៉ុប រួមទាំងទីភ្នាក់ងារសារព័ត៌មានបារាំង France-Presse និងវែបសាយសារព័ត៌មានឌីជីថល Politico ក្នុងការសងសឹកចំពោះការហាមឃាត់ស្រដៀងគ្នា របស់សហភាពអឺរ៉ុប មកលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួនកាលពីខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤។

សហភាពអឺរ៉ុប បាននិយាយកាលពីខែឧសភាថា ខ្លួនកំពុងផ្អាកការចែកចាយនូវអ្វីដែលខ្លួនបានពិពណ៌នាថាជា «បណ្តាញឃោសនាដែលភ្ជាប់ដោយវិមានក្រឹមឡាំង» ចំនួន ៤អង្គភាព ដោយដកហូតសិទ្ធិផ្សាយរបស់ពួកគេនៅក្នុងប្លុកនេះ។ សហភាពអឺរ៉ុប បន្ដថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានបម្រើជាឧបករណ៍ឃោសនា សម្រាប់សង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

បើតាមបញ្ជីដែលចេញផ្សាយ ដោយក្រសួងការបរទេសរុស្ស៉ី វែបសាយប្រព័ន្ធផ្សព្វផ្សាយចំនួន៨១ នៅប្រទេស EU សរុប២៥ កំពុងស្ថិតក្រោម ដំណើរការបិទខ្ទប់។ បម្រាមនេះ នឹងហាមឃាត់អ្នកដែលស្ថិតក្នុងប្រទេសរុស្ស៉ី មិនឱ្យអាចចូលមើលវែបសាយទាំងនោះ បានឡើយ។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហព័ន្ធរុស្ស៊ីបានព្រមានម្តងហើយម្តងទៀតនៅកម្រិតផ្សេងៗថា ការយាយីដោយហេតុផលនយោបាយចំពោះអ្នកកាសែតក្នុងស្រុក និងការហាមប្រាមដោយអយុត្តិធម៌លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុបនឹងមិនត្រូវបានឆ្លើយតបវិញយ៉ាងស័ក្ដិសម»។

ប្រភព៖ Reuters

Share.