ត្បូងឃ្មុំៈ រថយន្តធំប៉ែនដឹកដី ម៉ាកហ៉ីយុនដាយ បុកម៉ូតូសិស្សសាលា២នាក់ បណ្តាល​ឱ្យស្លាប់ម្នាក់ ​របួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតលើផ្លូវជាតិលេខ៨ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។  

តាមនគរបាលស្រុកពញាក្រែកបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត ម៉ាក ហ៊ីយ៉ានដាយ កង់មួនជួរមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A:3654 បើកបរដោយឈ្មោះ រស់ ឡន ភេទប្រុស អាយុ៣៥ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបត់ស្ដាំ ជ្រុលទៅបុកម៉ូតូសិស្សសាលាមួយគ្រឿង ម៉ាកហុងដាឌ្រីម ដែលជិះគ្នាពីខាងក្រោយ បណ្ដាលឱ្យម៉ូតូដួលចូលក្រោមរថយន្ត ហើយអូសធ្លាក់ទៅចញ្ចើមផ្លូវកិនអ្នកស្លាប់បើកបរម៉ូតូនៅកន្លែង ឯអ្នករួមដំណើរត្រូវជាបងប្អូនជីដូនមួយរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។ 

សពយុវតីខាងលើឈ្មោះ ឈាង គឹមអេង ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្លាប់នៅកន្លែងកើតហេតុ។ រីឯអ្នកជិះរួមដំណើរពីក្រោយ ឈ្មោះ ឈាង សុខស្រី ភេទស្រីអាយុ១៨ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា​រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែង នឹងធ្វើកំណត់ហេតុ ប្រគល់សព ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ រថយន្ត និងអ្នកបើកបរ នាំយកទៅទៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ អាចារ្យលាក់

Share.