ភ្នំពេញ ៖ បុរសម្នាក់ មានបញ្ហាផ្លូវចិត្ត ក្រុមគ្រួសារព្យាយាមនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ច្រើនលើកច្រើនសារមកហើយ តែមិនធូរស្រាល បែជាដើរចេញពីផ្ទះទៅចងកសម្លាប់ខ្លួននៅដើមស្វាយ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរីឈូកវ៉ា២ ភូមិតឹក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ នូ ពីឡង់ ភេទប្រុស អាយុ៤៤ឆ្នាំ មានជម្ងឺផ្លូវចិត្ត មានប្រពន្ធ និងកូនប្រុស២នាក់ មានទីលំនៅផ្ទះលេខ៣៦ ក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។

តាមក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះមានជម្ងឺផ្លូវចិត្ត ហើយធ្លាប់នាំជូនទៅព្យាបាលនៅមន្ទីរពេទ្យច្រើនលើកមកហើយ តែពុំបានធូរស្រាល ស្រាប់តែនៅវេលាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមគ្រួសារភ្ញាក់ពីដំពេក បាត់មិនឃើញជនរងគ្រោះ បែជាបងប្អូនប្រជាពលរដ្ឋផ្អើលឆោឡោ ប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួន ទើបនាំគ្នារត់ទៅមើល ប្រទះឃើញចងកនឹងដើមស្វាយ ចំហៀងផ្ទះគេស្លាប់បាត់ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ គ្រូពេទ្យចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តតឹក្ខបញ្ញោ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.