ស្វាយរៀង ៖ បុរសពោះម៉ាយម្នាក់ត្រូវបានប្រជាពលរដ្ឋ អ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងផ្ទះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សពមានឈ្មោះ ពេជ្រ មុឹង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ យាមដីចំការឱ្យគេ នៅភូមិកើតហេតុ ហើយក៏ជាបុរសពោះម៉ាយ មានកូនប្រុស១នាក់ ស្នាក់នៅនិងធ្វើការនៅរាជធានីភ្នំពេញ ។

បើតាមអ្នកភូមិបានឱ្យដឹងថា ជនរងគ្រោះ គ្រាដើមឡើយ រស់នៅក្នុងភូមិកើតហេតុ មានប្រពន្ធនិងកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ តែក្រោយមក ក៏បានលែងលះគ្នា លក់ដីធ្លីផ្ទះសម្បែងអស់ ប្រពន្ធយកកូនស្រីចាកចេញទៅបាត់ ចំណែកជនរងគ្រោះជាប្តី យកកូនប្រុស ។ ប្រភពបន្តទៀតថា ជនរងគ្រោះក្នុងជីវភាពយ៉ាប់យឺន កូនប្រុសក៏បានចាកចេញទៅរកការងារធ្វើនៅឯរាជធានីភ្នំពេញបាត់ យូរៗទើបឃើញកូនប្រុសមកលេងឪពុកម្តង ។ ដោយមើលឃើញការលំបាក ត្រូវបានអ្នកភូមិឱ្យជនរងគ្រោះ ស្នាក់អាស្រ័យ នៅផ្ទះខ្ទមជួយមើចាំដីចំការ ក្នុងភូមិកើតហេតុ តែម្នាក់ឯង ហើយនៅដាច់ពីផ្ទះអ្នកភូមិផង ។

អ្នកភូមិបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុនេះ មានពលរដ្ឋក្នុងភូមិ បានទៅរកជួលជនរងគ្រោះឱ្យទៅព្រួសស្រូវ ហៅមិនឆ្លើយ អើតមើលទើបប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ឃើញថាពិតជាចងកសម្លាប់ខ្លួនឯង ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ដោយគ្មានបងប្អូន សាច់ញាតិ មានតែអ្នកភូមិស្រុក អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដោយក្តីមេត្តាធម៌ សហការគ្នាចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.