ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់រវាងម៉ូតូលេតជិះលឿនជ្រុលទៅបុកពីក្រោយម៉ូតូស្កុបពី កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ អ៊ូ រស្មី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជិះម៉ូតូម៉ាកស្កុបពី ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-3294 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវចោមចៅ ពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ ម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AL-5100 កំពុងជិះស្របទិសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូស្កុបពីរងរបួសធ្ងន់ ម្ខាងទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

https://troryorng.com/
Share.