ព្រះសីហនុ ៖ បុរសម្នាក់ម្នាក់បានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តLexus LM350 បើកបរល្បឿនលឿនវ៉ាជែងជ្រុលឡើងខឿនទ្រូងផ្លូវ ទៅបុកម៉ូតូហុងដាឌ្រីមកំពុងជិះនៅបំណែកផ្លូវម្ខាងទៀត ច្រាសទិសគ្នា កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ ក្បែររោងចក្រញ៉ូស្តា ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកLexus LM350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-8239 បើកបរដោយបុរសម្នាក់ ជនជាតិចិន រួមដំណើរជាមួយមនុស្ស៣នាក់ទៀត បើកល្បឿនលឿនពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលចង្កូតឡើងខឿនទ្រូងផ្លូវ ទៅបុកម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ នៅបំណឬកផ្លូវម្ខាងទៀត ពីកើតទៅលិច បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយដឹកបញ្ជូនដល់មន្ទីរពេទ្យបង្អែកចម្ការចេក ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានតំកល់ទុកនៅមន្ទីរពេទ្យរង់ចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ រងខូចខាតធ្ងន់ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្តយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.